ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្ទាល់ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៤ ក្នុងស្រុកកោះធំ (ស្ថិតនៅប៉ែកខាងកើតទន្លេបាសាក់) ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការចុះបេសកកម្មនេះ ធ្វើឡើងតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានចុះពិនិត្យដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៤ រួមមាន៖
១. ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន
២. ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ ក
៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវណែនាំគន្លឹះចំនួន ៧ ចំណុច ដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់៖
១. ថែរក្សារៀបចំប៉ុស្តិ៍ឱ្យមានសោភ័ណភាព បរិស្ថានល្អ និងអនាម័យស្អាតបាត ទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅហូបចុក។
២. គ្រប់គ្រងកម្លាំងឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងរៀបចំបញ្ជីវត្តមានជាសៀវភៅប្រចាំខែនីមួយៗ។
៣. គ្រប់គ្រង និងទុកដាក់សម្ភារ អាវុធ មធ្យោបាយធ្វើដំណើរ អាគារស្នាក់ការ និងសម្ភារបម្រើឱ្យកិច្ចប្រតិបត្តិការឱ្យបានត្រឹមត្រូវ។
៤. ពង្រឹងការងារសន្តិសុខ និងបង្កើនគុណភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥. គ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទឱ្យបានម៉ត់ចត់ ដោយត្រូវធ្វើជាបញ្ជីគ្រប់គ្រងមុខសញ្ញាច្បាស់លាស់។
៦. គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន។
៧. ទទួលយកនូវរាល់សំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសិក្សាដកបទពិសោធន៍ និងស្វែងរកដំណោះស្រាយសមស្រប។
ការចុះណែនាំដោយផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការសម្រួចសមត្ថភាពនគរបាលថ្នាក់មូលដ្ឋាន ក្នុងគោលដៅឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងពង្រឹងសន្តិសុខសង្គមឱ្យកាន់តែរឹងមាំបន្ថែមទៀត៕


