មេឃុំបែកចានសាងសង់បន្ទប់ជួលលើលូ និងចិញ្ចើមផ្លូវសាធារណៈ ខណៈរដ្ឋបាលខេត្តកណ្ដាលហាមឃាត់ដាច់ខាត

មេឃុំបែកចានសាងសង់បន្ទប់ជួលលើលូ និងចិញ្ចើមផ្លូវសាធារណៈ ខណៈរដ្ឋបាលខេត្តកណ្ដាលហាមឃាត់ដាច់ខាត

ខេត្តកណ្ដាល៖ សំណង់បន្ទប់ជួលចំនួន ៣ បន្ទប់ កំពុងបន្តសាងសង់យ៉ាងសកម្មលើប្រព័ន្ធលូ និងចិញ្ចើមផ្លូវសាធារណៈ ឋិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយម្ចាស់ការដ្ឋានផ្ទាល់ត្រូវបានគេស្គាល់ថាគឺ លោក ស៊ិន សំអាង មេឃុំបែកចាន។ ករណីនេះបាននិងកំពុងបង្កអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបានសាធារណជនចាត់ទុកថាជាការបំពានយ៉ាងចំហ លើសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល។

បើទោះបីជាមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ លោក ស៊ិន សំអាង មេឃុំបែកចាន បានបញ្ជាក់អះអាងយ៉ាងច្បាស់ៗប្រាប់អ្នកសារព័ត៌មានថា លោកធ្វើនៅលើដីដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ និងបានអះអាងបន្ថែមថា៖ «ខ្ញុំមិនសុំច្បាប់នរណាទេ» ដោយលោកបានបន្ថែមថា បើរដ្ឋត្រូវការពេលណាលោកនឹងឈូសឆាយពេលនោះវិញ។ លោកក៏បានសារភាពផងដែរថា លោកបានដឹងពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ប៉ុន្តែលោកយល់ថាការសាងសង់នេះធ្វើឡើងលើទីតាំងដីកម្មសិទ្ធិរបស់ខ្លួន។

ជុំវិញបញ្ហានេះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធបានក្រើនរំលឹកថា ទោះបីជាបុគ្គលមានប្លង់កម្មសិទ្ធិលើដីឯកជនក៏ដោយ ក៏ការរំលោភបំពានលើចំណីផ្លូវសាធារណៈ ប្រព័ន្ធលូ ឬការសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច គឺជារឿងខុសច្បាប់ស្រឡះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកណ្ដាលបានចេញលិខិតជូនដំណឹងយ៉ាងហ្មត់ចត់រួចមកហើយ ស្ដីពីការហាមឃាត់ ការទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ និងការរុះរើសំណង់នៅលើចំណីផ្លូវសាធារណៈក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានាដល់សោភ័ណភាព សណ្ដាប់ធ្នាប់ និងការរំដោះចរន្តទឹកជំនន់ទឹកភ្លៀង។ ប៉ុន្តែទង្វើរបស់លោកមេឃុំបែកចានហាក់បីដូចជាផ្ទុយស្រឡះពីស្មារតីនៃសេចក្តីជូនដំណឹងនេះទៅវិញ។

ករណីនេះ សាធារណជន និងអ្នកតាមដានការអភិវឌ្ឍសង្គម កំពុងរង់ចាំមើលចំណាត់ការ និងការឆ្លើយតបពីសំណាក់ លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ថាតើនឹងមានវិធានការផ្លូវច្បាប់ ឬ យ៉ាងណាដែរ បន្ទាប់ពីមន្ត្រីមូលដ្ឋានក្រោមឱវាទខ្លួន បង្ហាញភាពហ៊ានប្រឈមនឹងច្បាប់បែបនេះ?៕

img 20260807 143153 683 videocapture 20260807 143309 img 20260807 143206 483 img 20260807 143142 699 img 20260807 143137 448 img 20260807 143132 198 img 20260807 143126 714 img 20260807 143111 889 img 20260807 145235 499

fb img 1786088152495 fb img 1786088154864

Scroll to Top