អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត ១០០ក្រាម

អាវុធហត្ថខេត្តតាកែវ សហការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត ១០០ក្រាម

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកងរាជអាវុធហត្ថស្រុកកោះធំ ខេត្តកណ្តាល បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតថ្នាំញៀនសង្ស័យជិត ១០០ក្រាម។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្តាល ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ទឺ ប៊ុនណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖

សារធាតុញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ ទម្ងន់ ៩៣.៦៥ក្រាម (ទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១គ្រឿង និង ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

កងរាជអាវុធហត្ថខេត្តតាកែវ បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម៕

img 20260803 222729 974 img 20260803 222729 430 img 20260803 222729 545

Scroll to Top