អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពី «ទំនប់កែប្រែ» អាយុកាលកន្លះសតវត្សរ៍ ត្រូវទ្វារទឹកបាក់ស្រុតដោយសារគ្រោះធម្មជាតិ

អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពី «ទំនប់កែប្រែ» អាយុកាលកន្លះសតវត្សរ៍ ត្រូវទ្វារទឹកបាក់ស្រុតដោយសារគ្រោះធម្មជាតិ

ខេត្តកំពង់ចាម៖ «ទំនប់កែប្រែ» ដែលជាសំណង់ទ្វារទឹកប្រវត្តិសាស្ត្រមានអាយុកាលប្រមាណ៥០ឆ្នាំ ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម បានទទួលរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ដោយសារតែរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះធ្វើអន្តរាគមន៍ជាប្រញាប់ ដោយបានបំពាក់ស្លាកសញ្ញាចរាចរណ៍ និងដាក់រ៉ាវសុវត្ថិភាពជុំវិញទីតាំងគ្រោះថ្នាក់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ បច្ចុប្បន្ន អាជ្ញាធរបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តធុនធំ ដោយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងទោចក្រយានយន្តប៉ុណ្ណោះ។

ជាក់ស្តែង នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតនេះដោយផ្ទាល់។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋយ៉ាងច្បាស់ៗថា៖

«ក្រុមការងារជំនាញនឹងប្រញាប់រៀបចំជួសជុលសំណង់ទ្វារទឹកនេះឡើងវិញឱ្យបានឆាប់រហ័ស ខណៈដែលគម្រោងសាងសង់ផ្លូវបេតុងលើខ្នងទំនប់នេះ គឺស្ថិតក្នុងសុពលភាពការងារថែទាំនៅឡើយ ដូច្នេះការស្តារឡើងវិញនឹងត្រូវអនុវត្តភ្លាមៗ»។

គួរបញ្ជាក់ផងដែរថា «ទំនប់កែប្រែ» មិនត្រឹមតែជាសំណង់ធារាសាស្ត្រដ៏សំខាន់សម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដ៏មានសក្តានុពលមួយក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តផងដែរ។ កន្លងមក ឯកឧត្តមអភិបាលខេត្ត ធ្លាប់បានដឹកនាំក្រុមការងារចុះសិក្សាភូមិសាស្ត្រនៅទីនេះ រួចមកហើយ ដើម្បីប្រែក្លាយតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ឱ្យក្លាយជា «រមណីយដ្ឋានធម្មជាតិកែច្នៃ» ដ៏ទាក់ទាញប្រចាំខេត្តកំពង់ចាមនាពេលអនាគតដ៏ខ្លីខាងមុខ៕

img 20260802 181118 253 img 20260802 181458 291 img 20260802 181007 844 img 20260802 181041 105 img 20260802 181109 155 img 20260802 181104 096 img 20260802 181100 518 img 20260802 181055 375 img 20260802 181046 682 img 20260802 181026 749 img 20260802 181011 993 img 20260802 181017 864 img 20260802 181022 011

Scroll to Top