អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយមន្ត្រីជំនាញ បង្ក្រាប និងដុតកម្ទេចចោលប្រហិតខូចគុណភាពគេចពន្ធជិត ៣០០គីឡូក្រាម

អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយមន្ត្រីជំនាញ បង្ក្រាប និងដុតកម្ទេចចោលប្រហិតខូចគុណភាពគេចពន្ធជិត ៣០០គីឡូក្រាម

ខេត្តតាកែវ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការចុះស្ទាក់ចាប់ និងបង្ក្រាបករណីលួចលាក់ដឹកជញ្ជូនទំនិញគេចពន្ធតាមផ្លូវទឹកយ៉ាងក្តៅគគុក ដោយដកហូតបានប្រហិតខូចគុណភាពជិត ៣០០គីឡូក្រាម និងបានចាត់វិធានការដុតកម្ទេចចោលភ្លាមៗ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ប្រតិបត្តិការផ្លេកបន្ទោរនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចប្រឡាយលេខ០៤ ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមការដឹកនាំផ្ទាល់ដោយ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាខាការិយាល័យ ក.ប.ប. ខេត្តតាកែវ និងការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាងជា ប្រហិតខូចគុណភាពចំនួន ៤៩កេស (ស្មើនឹង ២៧៤ គីឡូក្រាម) ដែលត្រូវបានលួចនាំចូល និងដឹកជញ្ជូនដោយខុសច្បាប់។ បន្ទាប់ពីការពិនិត្យឃើញថាមិនមានអនុលោមភាព និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញចាត់វិធានការដុតកម្ទេចចោលទាំងស្រុង ស្របតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជាធរមាន។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកនឹងបន្តសហការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងការ តាមដាន ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពគេចពន្ធ ឬការដឹកជញ្ជូនទំនិញខុសច្បាប់គ្រប់រូបភាព តាមបណ្តោយព្រំដែន និងផ្លូវទឹក ក្នុងគោលបំណងការពារប្រយោជន៍សេដ្ឋកិច្ចជាតិ និងធានាឱ្យបានដាច់ខាតនូវសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ៕

fb img 1785808757911 fb img 1785808755333 fb img 1785808762734 fb img 1785808760217 videocapture 20260804 085946 videocapture 20260804 085938 videocapture 20260804 085935 videocapture 20260804 085958 videocapture 20260804 085956 videocapture 20260804 085948 videocapture 20260804 090001 videocapture 20260804 090004 videocapture 20260804 090008 videocapture 20260804 090010 videocapture 20260804 090018

Scroll to Top