ខេត្តកំពង់ចាម៖ ដើម្បីការពារទ្រព្យសម្បត្តិ និងជីវភាពរបស់ប្រជាកសិករ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចេញមុខអំពាវនាវដល់បងប្អូនកសិករចិញ្ចឹមសត្វគោ-ក្របីទាំងអស់ ឱ្យរួសរាន់នាំយកសត្វពាហនៈរបស់ខ្លួនមកចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះឡើង និងរីករាលដាលនៅក្នុងមូលដ្ឋាន។ អ្វីដែលពិសេសនោះ យុទ្ធនាការដ៏មានសារៈសំខាន់នេះ គឺត្រូវបានផ្តល់ជូនដោយមន្ត្រីជំនាញ ដោយមិនគិតថ្លៃសេវាឡើយ។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅស្រុកកងមាស ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការចុះយុទ្ធនាការចាក់ថ្នាំការពារសត្វពាហនៈតាមបណ្តាឃុំ-ស្រុកនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងធំៗ ៣ រួមមាន៖
លើកស្ទួយសុខមាលភាពសត្វ និងជំរុញឱ្យរបរចិញ្ចឹមសត្វរបស់កសិករទទួលបានផលដិតដល់។
ទប់ស្កាត់ និងកាត់ផ្តាច់ ហានិភ័យនៃការផ្ទុះជំងឺឆ្លងកាចសាហាវនានានៅតាមមូលដ្ឋាន។
ជួយកាត់បន្ថយការខាតបង់ ទាំងថវិកា និងពេលវេលាដ៏មានតម្លៃរបស់បងប្អូនប្រជាកសិករ។
ឯកឧត្តមអភិបាលខេត្ត បានបន្តឱ្យដឹងទៀតថា ក្នុងស្មារតីចូលរួមលើកកម្ពស់សុខមាលភាពសត្វ និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដោយចុះចាក់វ៉ាក់សាំងជូនសត្វគោ-ក្របី របស់ប្រជាកសិករនៅទូទាំងភូមិសាស្ត្រខេត្តកំពង់ចាមតែម្តង។
ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើសុំ និងអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករទាំងអស់ សូមផ្តល់កិច្ចសហការ និងដឹកនាំសត្វពាហនៈរបស់ខ្លួនមកទទួលថ្នាំបង្ការជំងឺឆ្លងកាចសាហាវផ្សេងៗ ដូចជា ជំងឺអ៊ុតក្តាម និង ជំងឺសារទឹក ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្ដមសង្កត់ធ្ងន់ថា ក្នុងយុទ្ធនាការនេះ មន្ត្រីជំនាញបសុព្យាបាលនឹងនៅក្បែរដិតដល់ ដោយចុះពិនិត្យ ព្យាបាល និងផ្តល់វ៉ាក់សាំងជូនបងប្អូនដោយឥតគិតថ្លៃ ១០០% ឡើយ៕


