ខេត្តតាកែវ៖ ទោះបីជាអាជ្ញាធរខេត្តធ្លាប់បានដាក់បទបញ្ជាឱ្យរឹតបន្តឹងការទប់ស្កាត់យានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសក៏ដោយ ក៏មហាជននៅតែសង្កេតឃើញថា រថយន្តប្រភេទសាំងយ៉ុងមួយចំនួន ដែលបានកែឆ្នៃខុសស្តង់ដារបច្ចេកទេស និងដឹកទំនិញសំពីងសំពោង នៅតែធ្វើចរាចរលើបណ្តោយផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តតាកែវជារៀងរាល់ថ្ងៃ។
តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋ រថយន្តទាំងនេះភាគច្រើនបានផ្ទុកទំនិញលើសទំហំ និងលើសទម្ងន់ដែលច្បាប់កំណត់ ហើយមានខ្លះដឹកទំនិញខ្ពស់ហួសពីតួរថយន្ត ដែលអាចបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅពេលឆ្លងកាត់តំបន់ដែលមានចរាចរមមាញឹក ឬផ្លូវតូចចង្អៀត។
ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពដឹកជញ្ជូនបែបនេះ មិនត្រឹមតែបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអាចបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រសិនបើមានការផ្ទុកទម្ងន់លើសកម្រិតជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កន្លងមក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ធ្លាប់បានណែនាំឱ្យលោក ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើយានយន្តកែឆ្នៃខុសបច្ចេកទេស និងរថយន្តដឹកទំនិញលើសទំហំ ឬលើសទម្ងន់ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ មហាជននៅតែសង្កេតឃើញថា រថយន្តសាំងយ៉ុងកែឆ្នៃមួយចំនួននៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនទំនិញសំពីងសំពោងដោយមិនមានការថយចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យមានការងឿងឆ្ងល់ថា តើការអនុវត្តវិធានការរបស់សមត្ថកិច្ចនៅមានចន្លោះប្រហោង ឬយ៉ាងណា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងនគរបាលចរាចរណ៍ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាពចំពោះយានយន្តគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាសោភ័ណភាព និងសណ្តាប់ធ្នាប់លើដងផ្លូវឱ្យកាន់តែល្អប្រសើរ៕


