ស្រុកអង្គស្នួល៖ ប្រជាពលរដ្ឋបារម្ភពីបញ្ហាសំណង់អាជីវកម្មជាច្រើនកន្លែង កំពុងសាងសង់ដោយសង្ស័យគ្មានច្បាប់អនុញ្ញាត

ស្រុកអង្គស្នួល៖ ប្រជាពលរដ្ឋបារម្ភពីបញ្ហាសំណង់អាជីវកម្មជាច្រើនកន្លែង កំពុងសាងសង់ដោយសង្ស័យគ្មានច្បាប់អនុញ្ញាត

កណ្ដាល៖ ប្រជាពលរដ្ឋនៅក្នុងឃុំពើក ស្រុកអង្គស្នួល បានសម្តែងក្តីបារម្ភជាខ្លាំង ជុំវិញសកម្មភាពសាងសង់សំណង់អាជីវកម្មជាច្រើនកន្លែងនៅក្បែរផ្សារត្រយឹង ដោយពួកគាត់សង្ស័យថា សំណង់ទាំងនោះអាចនឹងមិនទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវតាមច្បាប់។ បញ្ហានេះ បានធ្វើឱ្យមានការចោទសួរពីចំណាត់ការត្រួតពិនិត្យរបស់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងភូមិ និងភូមិត្រយឹង ឃុំពើក កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសំណង់អាជីវកម្មទាំងនោះកំពុងដំណើរការសាងសង់យ៉ាងសកម្ម។ ទោះជាយ៉ាងណា គេមិនទាន់ឃើញមានការដាក់បង្ហាញស្លាកព័ត៌មានគម្រោង ឬលិខិតអនុញ្ញាតបើកការដ្ឋានឱ្យបានច្បាស់លាស់ស្របតាមច្បាប់ស្តីពីសំណង់នៅឡើយទេ ដែលបង្កឱ្យមានការមន្ទិលសង្ស័យពីភាពស្របច្បាប់ និងតម្លាភាពនៃការគ្រប់គ្រងសំណង់។

ច្បាប់ស្តីពីសំណង់៖ រាល់ការសាងសង់សំណង់ត្រូវមានលិខិតអនុញ្ញាត និងត្រូវដាក់បង្ហាញស្លាកសញ្ញាព័ត៌មានគម្រោង ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងគោលការណ៍នីតិរដ្ឋ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសរដ្ឋបាលស្រុកអង្គស្នួល ដឹកនាំដោយលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុក ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្តាល មេត្តាចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីជម្រះមន្ទិលសង្ស័យ។ ប្រជាពលរដ្ឋសង្ឃឹមថា ប្រសិនបើរកឃើញសំណង់ណាមួយអនុវត្តខុសនីតិវិធី ច្បាប់នឹងត្រូវយកមកអនុវត្តដោយស្មើភាព ដើម្បីកុំឱ្យមានការរំលោភបំពានច្បាប់សំណង់បន្តទៀត។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ គិតត្រឹមម៉ោងផ្សាយ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺ ឬការឆ្លើយតបជាផ្លូវការណាមួយពីលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបាននៅឡើយទេ។

រាល់ព័ត៌មានដែលបានចុះផ្សាយខាងលើ គឺផ្អែកលើការសង្កេត និងការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែប៉ុណ្ណោះ ចំពោះការពិតជាក់ស្តែងកម្រិតណា គឺរង់ចាំការចុះត្រួតពិនិត្យ និងការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានពេញចិត្តមេឌាយើងខ្ញុំ រីករាយរង់ចាំទទួលការបកស្រាយ និងការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងម្ចាស់សំណង់ផងដែរ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបគ្រប់ជ្រុងជ្រោយ មានតុល្យភាព និងតម្លាភាព ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ប្រសិនបើមានការបកស្រាយ ឬឯកសារបញ្ជាក់ផ្លូវការណាមួយ អង្គភាពយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូនជាបន្តបន្ទាប់ដោយគ្មានការលំអៀងឡើយ៕

img 20260720 140124 179 img 20260720 140112 388 img 20260720 140001 463 img 20260720 140001 619

Scroll to Top