លោក ហ៊ាង បន្តលួចសាងសង់សំណង់រឹងមាំ បំពានសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកព្រៃកប្បាស

លោក ហ៊ាង បន្តលួចសាងសង់សំណង់រឹងមាំ បំពានសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ បើទោះបីជារដ្ឋបាលស្រុកព្រៃកប្បាស បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ហាមឃាត់ដាច់ខាតមិនឱ្យមានការសាងសង់សំណង់ខុសច្បាប់រំលោភលើចំណីផ្លូវយ៉ាងណាក៏ដោយ ក៏សំណង់រឹងមាំមួយកន្លែងរបស់លោក ហ៊ាង ស្ថិតនៅភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា នៅតែបន្តដំណើរការសាងសង់ដោយលួចលាក់ដដែល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា សំណង់របស់លោក ហ៊ាង ត្រូវបានអាជ្ញាធរស្រុកផ្អាកសកម្មភាព ដោយសារតែជាប្រភេទសំណង់រឹងមាំ សាងសង់នៅលើដីចំណីផ្លូវសាធារណៈ។ ទោះជាយ៉ាងនេះក្តី ម្ចាស់សំណង់នៅតែឆ្លៀតឱកាស លួចឆ្មក់សាងសង់ទាំងដឹងខ្លួនថាខុសច្បាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើហេតុអ្វីបានជាបុគ្គលរូបនេះហ៊ានបំពានសេចក្តីសម្រេចរបស់រដ្ឋបាលស្រុកយ៉ាងដូច្នេះ។

ជុំវិញករណីនេះ លោក ហ៊ាង ដែលជាម្ចាស់សំណង់បានទទួលស្គាល់ថា ការសាងសង់នេះពិតជាមិនមានច្បាប់ទម្លាប់ត្រឹមត្រូវពិតមែន។ ទោះជាយ៉ាងណា លោកបានអះអាងថា លោកបានស្នើសុំមេភូមិ និងមេឃុំរួចរាល់ហើយ (ដោយគ្មានលិខិតស្នាមផ្លូវការ) ក្រោមហេតុផលថា លោកសង់នៅលើដីចាស់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំ។

លោក ហ៊ាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖«ដីនេះដឹងឮត្រឹមអាជ្ញាធរភូមិ-ឃុំប៉ុណ្ណោះ។ ប្រសិនបើរដ្ឋត្រូវការថ្ងៃក្រោយ ខ្ញុំរីករាយនឹងរុះរើចេញវិញ ប៉ុន្តែលុះត្រាតែមានការរុះរើដូចៗគ្នា ចំពោះអ្នកដែលសង់រំលោភតាមបណ្តោយផ្លូវនេះទាំងអស់ ដែលមានប្រមាណជាង ១០០ គ្រួសារ»។ លោកបន្ថែមថា បច្ចុប្បន្នលោកបានផ្អាកការសាងសង់ប្រហែលជាងមួយខែហើយ។

ទោះបីជាមានការបកស្រាយពីម្ចាស់សំណង់ក៏ដោយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅតែមើលឃើញថា នេះជាការមិនគោរពច្បាប់ និងជាគំរូមិនល្អ។ ពួកគាត់បានអំពាវនាវ និងចង់ឃើញរដ្ឋបាលស្រុកព្រៃកប្បាស ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃសំណង់អនាធិបតេយ្យបែបនេះបន្តទៀត។

មហាជន និងសារព័ត៌មានយើងខ្ញុំ កំពុងរង់ចាំអ៊ុតមើលចំណាត់ការជាក់ស្តែងរបស់អាជ្ញាធរស្រុកព្រៃកប្បាស ថាតើនឹងត្រូវដោះស្រាយបញ្ហានេះដោយវិធីណា?៕

videocapture 20260718 090608 videocapture 20260718 090606 videocapture 20260718 090602 videocapture 20260718 090557 img 20260718 090708 999

Scroll to Top