កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវការណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ និងពន្លឿនការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ការណែនាំនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រុញឱ្យក្រុមការងារថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ អនុវត្តការងារសំខាន់ៗចំនួន ៣៖
១, បន្តរៀបចំវេទិកាសាធារណៈជាក្រុមតូចៗ និងចុះជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីឈ្វេងយល់ពីក្តីកង្វល់ សំណើ និងសំណូមពរនានា។
២, សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឆ្លើយតបដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ផ្អែកលើច្បាប់ជាធរមាន។
៣, ណែនាំឱ្យលេខាធិការដ្ឋានបូកសរុបលទ្ធផលការងារ និងលទ្ធផលនៃវេទិកាសាធារណៈឱ្យបានទាន់កំណត់។
លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ល្បឿន និងប្រសិទ្ធភាពក្នុងការដោះស្រាយក្តីកង្វល់ជូនពលរដ្ឋ គឺជាសូចនាករគន្លឹះ (KPI) ក្នុងការវាស់វែងពីសមត្ថភាពការងាររបស់ក្រុមការងារគ្រប់រូប ក្នុងការបម្រើផលប្រយោជន៍សាធារណៈ៕


