ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្ដែងការព្រួយបារម្ភ និងរអ៊ូរទាំយ៉ាងខ្លាំង ចំពោះផលប៉ះពាល់សុខភាពផ្លូវដង្ហើម ដោយសារតែការធំក្លិនស្អុយ ដែលពួកគាត់អះអាងថា បណ្ដាលមកពីទីតាំងសមាគមបន្សាបអ្នកញៀនគ្រឿងញៀនមួយកន្លែង ក្នុងមូលដ្ឋាន បានបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រឡាយសាធារណៈ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់មកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះថា សកម្មភាពបង្ហូរទឹកកខ្វក់ដែលមានក្លិនស្អុយខ្លាំងចូលក្នុងប្រឡាយរដ្ឋនេះ បានអូសបន្លាយពេលច្រើនខែឆ្នាំមកហើយ។ ពួកគាត់បានបន្ថែមថា កន្លងមកហាក់ពុំទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធណាចុះមកពិនិត្យ ឬដោះស្រាយផលប៉ះពាល់នេះជូនពលរដ្ឋនៅឡើយនោះទេ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោក ញ៉ែម ឆន មេឃុំលាយបូរ បានធ្វើការបដិសេធ ដោយលោកបានបំភ្លឺតាមប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃដដែលនេះថា ព័ត៌មានស្តីពីការបង្ហូរលាមក ឬកាកសំណល់បង្គន់ចូលក្នុងប្រឡាយសាធារណៈ គឺមិនមែនជាការពិតនោះឡើយ។ លោកមេឃុំបានបញ្ជាក់ថា លោកបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយឃើញថានោះគ្រាន់តែជាការបង្ហូរទឹកដែលប្រើទូទៅនៅក្នុងមណ្ឌលតែប៉ុណ្ណោះ មិនបានបង្ហូរលាមកចូលឡើយ។ ម្យ៉ាងវិញទៀត កន្លងមកអាជ្ញាធរឃុំក៏ពុំដែលទទួលបានពាក្យបណ្ដឹង ឬការរាយការណ៍ណាមួយពីប្រជាពលរដ្ឋអំពីបញ្ហានេះដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋដែលរស់នៅរងផលប៉ះពាល់ បានទទូច និងសំណូមពរយ៉ាងទទូចដល់ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត និងពិនិត្យទីតាំងសមាគមបន្សាបបអ្នកញៀនគ្រឿងញៀនខាងលើនេះ ឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិត និងធានាថាការបង្ហូរទឹកកាកសំណល់ទាំងនោះ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ៕


