ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដើម្បីឆ្លើយតបនឹងការចែកចាយឃ្លីបសំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលខេត្តកំពង់ចាម ដែលកំពុងទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។
ក្នុងសេចក្តីបំភ្លឺ រដ្ឋបាលខេត្តបានបញ្ជាក់ថា សំឡេងសន្ទនាដែលត្រូវបានដកស្រង់ និងផ្សព្វផ្សាយនោះ អាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានជាទូទៅ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ថា គោលបំណងនៃការលើកឡើង គឺសំដៅតែលើអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានគោរពតាមវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន។
រដ្ឋបាលខេត្តក៏បានអះអាងដែរថា មិនដែលចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ ប៉ុន្តែតែងចាត់ទុកជាដៃគូដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានសហការល្អកន្លងមក និងអំពាវនាវឱ្យបន្តប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ និងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពព័ត៌មាន និងផលប្រយោជន៍សង្គមជាតិ៕


