វិទ្យាល័យ ជា ស៊ីម តាកែវ ដណ្តើមជើងឯក៣វិញ្ញាសា ខណៈការប្រកួតប៊ូល និងប៉េតង់ជ្រើសរើសជើងឯកខេត្តតាកែវ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យ

វិទ្យាល័យ ជា ស៊ីម តាកែវ ដណ្តើមជើងឯក៣វិញ្ញាសា ខណៈការប្រកួតប៊ូល និងប៉េតង់ជ្រើសរើសជើងឯកខេត្តតាកែវ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យ

ខេត្តតាកែវ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តតាកែវ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្មារតីកីឡា ខណៈក្លឹបវិទ្យាល័យ ជា ស៊ីម តាកែវ បានបង្ហាញភាពលេចធ្លោ ដោយដណ្តើមបានជើងឯកចំនួន ៣ វិញ្ញាសាផ្នែកនារី។

ពិធីបិទការប្រកួត និងប្រគល់ពានរង្វាន់ជូនក្រុមជ័យលាភី បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណពហុកីឡដ្ឋានបាល់ទាត់គិរីវង់សុខសែនជ័យ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោមអធិបតីភាពលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនីជាច្រើនរូប ដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំខេត្ត។

ការប្រកួតឆ្នាំនេះធ្វើឡើងលើ ៦ វិញ្ញាសា រួមមានការប្រកួត ១នាក់ទល់១នាក់ ២នាក់ទល់២នាក់ និង ៣នាក់ទល់៣នាក់ សម្រាប់ផ្នែកបុរស និងនារី។ លទ្ធផលចុងក្រោយបានបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនយ៉ាងល្អរបស់ក្រុមកីឡាករមកពីបណ្តាក្លឹបនានាក្នុងខេត្ត។

សម្រាប់វិញ្ញាសា ១នាក់ទល់១នាក់ ផ្នែកបុរស ជើងឯកបានទៅលើក្លឹបស្នងការដ្ឋាននគរបាលខេត្តតាកែវ ខណៈផ្នែកនារីបានទៅលើក្លឹបវិទ្យាល័យ ជា ស៊ីម តាកែវ។

ចំណែកវិញ្ញាសា ២នាក់ទល់២នាក់ ផ្នែកបុរស ក្លឹបរដ្ឋបាលស្រុកអង្គរបូរី បានគ្រងតំណែងជើងឯក ខណៈផ្នែកនារី ក្លឹបវិទ្យាល័យ ជា ស៊ីម តាកែវ បន្តដណ្តើមបានចំណាត់ថ្នាក់លេខ១។

ដោយឡែក វិញ្ញាសា ៣នាក់ទល់៣នាក់ ផ្នែកបុរស ជើងឯកបានទៅលើក្លឹបសាលាក្រុងដូនកែវ ខណៈផ្នែកនារី ក្លឹបវិទ្យាល័យ ជា ស៊ីម តាកែវ បានបំពេញកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ ដោយឈ្នះជើងឯកជាលើកទី៣ ក្នុងចំណោម ៣ វិញ្ញាសានារីទាំងអស់។

ក្រៅពីការប្រគល់ពានរង្វាន់ជូនក្រុមជើងឯក គណៈអធិបតីក៏បានប្រគល់មេដាយ និងរង្វាន់លើកទឹកចិត្តជូនដល់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ផងដែរ ដើម្បីជាការលើកស្ទួយស្មារតីប្រកួតប្រជែង និងជំរុញការអភិវឌ្ឍវិស័យកីឡាប៉េតង់នៅក្នុងខេត្តតាកែវឱ្យកាន់តែរីកចម្រើន។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានវាយតម្លៃថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពរបស់កីឡាករ កីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ស្វែងរក និងបណ្តុះធនធានកីឡាករឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតក្នុងកម្រិតខ្ពស់ជាងនេះនាពេលអនាគតផងដែរ៕

img 20260620 113628 722 img 20260620 113628 546 img 20260620 113628 937 img 20260620 113624 715 img 20260620 113628 513 img 20260620 113628 472 img 20260620 113628 667 img 20260620 113628 057 img 20260620 113628 652 img 20260620 113628 859 img 20260620 113628 812

Scroll to Top