អាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដកហូតថ្នាំញៀនជាង ១៥ក្រាម និងវត្ថុតាងជាច្រើន

អាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដកហូតថ្នាំញៀនជាង ១៥ក្រាម និងវត្ថុតាងជាច្រើន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតបានសារធាតុញៀន ព្រមទាំងវត្ថុតាងពាក់ព័ន្ធជាច្រើន ខណៈជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ មេបញ្ជាការស្រុក បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ។ ក្រោយពីស្រាវជ្រាវ និងសាកសួរបន្ត កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកណ្តាល។ លុះនៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ខេត្តកណ្តាល ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងស្ថិតក្រោមការសម្របសម្រួលនីតិវិធីពីលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបន្តបង្ក្រាបជាក់ស្តែងនៅភូមិកប៉ាល់គ្រឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ជាបុរសទាំងអស់ ដែលមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៣៩ឆ្នាំ និងមានទីលំនៅក្នុងខេត្តតាកែវ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់ មានទម្ងន់សរុប ១៥.៥៩ក្រាម (ថ្លឹងទាំងសំបកថង់), ម៉ូតូចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ៤គ្រឿង ព្រមទាំងថង់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺជាផ្នែកមួយនៃវិធានការបន្តបន្ទាប់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអនាគតយុវជននៅតាមមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

img 20260620 182840 658 img 20260620 182841 299 img 20260620 182841 072 img 20260620 182841 493 img 20260620 182840 896 img 20260620 182840 698

Scroll to Top