ពលរដ្ឋព្រួយបារម្ភ! មន្ត្រីចុះបំពេញការងារតាមផ្លូវទឹកនៅអង្គរបូរី មិនពាក់អាវពោងសុវត្ថិភាព ខណៈសុវត្ថិភាពគួរត្រូវបានដាក់ជាអាទិភាព

ពលរដ្ឋព្រួយបារម្ភ! មន្ត្រីចុះបំពេញការងារតាមផ្លូវទឹកនៅអង្គរបូរី មិនពាក់អាវពោងសុវត្ថិភាព ខណៈសុវត្ថិភាពគួរត្រូវបានដាក់ជាអាទិភាព

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ និងមហាជនមួយចំនួនបានសម្តែងការព្រួយបារម្ភជុំវិញសុវត្ថិភាពផ្ទាល់ខ្លួនរបស់អាជ្ញាធរស្រុកអង្គរបូរី បន្ទាប់ពីមានការចែករំលែករូបភាព និងសកម្មភាពចុះបំពេញការងារតាមផ្លូវទឹករបស់ថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន ដោយមិនឃើញពាក់អាវពោងសុវត្ថិភាព ខណៈកំពុងធ្វើដំណើរតាមទូកនៅក្នុងភូមិសាស្ត្រដែលសម្បូរទៅដោយប្រឡាយ ទន្លេ និងតំបន់ទឹកលិច។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ការធ្វើដំណើរតាមផ្លូវទឹក ទោះបីជាចម្ងាយជិត ឬឆ្ងាយក៏ដោយ ក៏មិនគួរមើលរំលងវិធានការសុវត្ថិភាពឡើយ ព្រោះគ្រោះថ្នាក់អាចកើតឡើងដោយមិនអាចព្យាករបាន។ ជាពិសេស មន្ត្រីរាជការដែលចុះបំពេញបេសកកម្មជាប្រចាំ គួរតែធ្វើជាគំរូល្អក្នុងការអនុវត្តវិធានការការពារសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តដល់ប្រជាពលរដ្ឋ។

មហាជនមួយចំនួនបានលើកឡើងថា លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ទើបផ្លាស់មកកាន់មុខតំណែងនៅស្រុកដែលមានលក្ខណៈភូមិសាស្ត្រសម្បូរទៅដោយផ្លូវទឹក ខុសពីអំឡុងពេលលោកបំពេញការងារជាអភិបាលក្រុងដូនកែវ ដែលភាគច្រើនជាដែនដីគោក។ ដូច្នេះ ការយកចិត្តទុកដាក់លើសុវត្ថិភាពផ្លូវទឹក គួរតែត្រូវបានពង្រឹងឱ្យកាន់តែខ្ពស់ ដើម្បីបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ។

មជ្ឈដ្ឋានទូទៅបានបញ្ជាក់ថា អាវពោងសុវត្ថិភាពមិនមែនជាគ្រឿងបំពាក់សម្រាប់តែពេលមានអាសន្នប៉ុណ្ណោះទេ ប៉ុន្តែជាសម្ភារៈចាំបាច់ដែលត្រូវពាក់ជានិច្ចនៅពេលធ្វើដំណើរតាមផ្លូវទឹក។ ការមិនពាក់អាវពោង អាចបង្កហានិភ័យខ្ពស់ចំពោះជីវិត និងសុវត្ថិភាព ប្រសិនបើមានហេតុការណ៍មិននឹកស្មានដល់ ដូចជាទូកក្រឡាប់ បុកគ្នា ឬជួបអាកាសធាតុមិនអំណោយផល។

ប្រជាពលរដ្ឋក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់សម្ភារៈសុវត្ថិភាពនៅពេលចុះបំពេញការងារតាមផ្លូវទឹក ដោយមិនគួរធ្វេសប្រហែសនោះឡើយ។ ព្រោះការការពារសុវត្ថិភាពផ្ទាល់ខ្លួន មិនត្រឹមតែជាការទទួលខុសត្រូវចំពោះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អសម្រាប់សហគមន៍ និងប្រជាពលរដ្ឋទូទៅផងដែរ។

មហាជនបានលើកឡើងទៀតថា «ការងារសំខាន់ ប៉ុន្តែសុវត្ថិភាពកាន់តែសំខាន់» ដូច្នេះមិនគួរឲ្យមានការមើលស្រាលចំពោះវិធានការការពារជីវិតនោះទេ ព្រោះគ្រោះថ្នាក់តែងកើតឡើងនៅពេលដែលមនុស្សមានការធ្វេសប្រហែសបំផុត។ «កុំឱ្យការសប្បាយ ឬភាពងាយស្រួលមួយភ្លែត ក្លាយទៅជាវិប្បដិសារិយ៍៕

img 20260611 121328 036

 

Scroll to Top