ឱសានវាទ ១សប្តាហ៍! រដ្ឋបាលក្រុងដូនកែវព្រមានអាជីវករ និងអ្នករំលោភចិញ្ចើមផ្លូវ ឱ្យរុះរើជាបន្ទាន់ មុនអនុវត្តវិធានការតឹងរ៉ឹង

ឱសានវាទ ១សប្តាហ៍! រដ្ឋបាលក្រុងដូនកែវព្រមានអាជីវករ និងអ្នករំលោភចិញ្ចើមផ្លូវ ឱ្យរុះរើជាបន្ទាន់ មុនអនុវត្តវិធានការតឹងរ៉ឹង

ខេត្តតាកែវ៖ រដ្ឋបាលក្រុងដូនកែវ បានប្រកាសដាក់ឱសានវាទរយៈពេលមួយសប្តាហ៍ ដល់ប្រជាពលរដ្ឋ និងអាជីវករទាំងឡាយដែលកំពុងប្រើប្រាស់ ឬសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ ឱ្យធ្វើការរុះរើចេញដោយស្ម័គ្រចិត្ត មុនពេលអាជ្ញាធរឈានទៅអនុវត្តវិធានការរដ្ឋបាល និងច្បាប់ដោយគ្មានការលើកលែង។

ការអនុវត្តវិធានការនេះចាប់ផ្តើនៅថ្ងៃទី03 ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាពទីក្រុង សម្រួលចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈបញ្ហាការរំលោភយកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្ម ឬសាងសង់សំណង់ផ្សេងៗ បានក្លាយជាបញ្ហាប្រឈមមួយដែលប៉ះពាល់ដល់ការធ្វើដំណើរ និងរបៀបរៀបរយក្នុងក្រុង។

លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តយុទ្ធនាការនេះដោយមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយតម្លាភាព និងគោរពតាមនីតិវិធីរដ្ឋបាលជាធរមាន។

ជាមួយគ្នានេះ អាជ្ញាធរក្រុងបានណែនាំឱ្យក្រុមការងារចុះផ្សព្វផ្សាយ ពន្យល់ និងជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករដែលបានប្រើប្រាស់ទីសាធារណៈខុសគោលការណ៍ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការរំលោភចិញ្ចើមផ្លូវ ដូចជា ការកកស្ទះចរាចរណ៍ ការបាត់បង់សោភ័ណភាពទីក្រុង ការរាំងស្ទះដល់អ្នកថ្មើរជើង និងហានិភ័យសុវត្ថិភាពសាធារណៈ។

លោកអភិបាលរងក្រុងបានបញ្ជាក់ថា អាជ្ញាធរផ្តល់ឱកាសឱ្យម្ចាស់សំណង់ និងអាជីវករធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេលយ៉ាងយូរមួយសប្តាហ៍ប៉ុណ្ណោះ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ ឬបន្តរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ រដ្ឋបាលក្រុងនឹងចាត់វិធានការរដ្ឋបាល និងអនុវត្តច្បាប់ជាធរមានដោយម៉ឺងម៉ាត់ ដោយមិនមានការយោគយល់ឡើយ។

មហាជនមើលឃើញថា ការរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ មិនត្រឹមតែជួយធ្វើឱ្យទីក្រុងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងបង្កើតបរិយាកាសរស់នៅប្រកបដោយរបៀបរៀបរយ ស័ក្តិសមជាទីប្រជុំជនកណ្តាលនៃខេត្តតាកែវ។

រដ្ឋបាលក្រុងដូនកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយរុះរើសំណង់ និងសម្ភារដែលដាក់លើចិញ្ចើមផ្លូវដោយស្ម័គ្រចិត្ត ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងផលប្រយោជន៍រួមរបស់សហគមន៍ ឱ្យក្រុងដូនកែវកាន់តែមានភាពស្អាត របៀបរៀបរយ និងមានបរិស្ថានល្អប្រសើរសម្រាប់ការរស់នៅ និងការវិនិយោគនាពេលអនាគត៕

img 20260603 124030 533 img 20260603 124030 774 img 20260603 124030 073 img 20260603 124030 108 img 20260603 124030 930

Scroll to Top