ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាល និងសមាជិកគ្រួសារនគរបាលសរុបចំនួន ១៣គ្រួសារ ដែលទទួលមរណភាពកន្លងមក។
ពិធីប្រគល់ថវិកានេះ មានការចូលរួមពីលោកស្នងការរង ថ្នាក់ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាសរុបដែលត្រូវបានប្រគល់ជូនមានចំនួន ៦៤លានរៀល ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសព។
ក្នុងចំណោមអ្នកទទួលអំណោយ មានគ្រួសារសពមន្ត្រីនគរបាលជាតិចូលនិវត្តន៍ និងអតីតមន្ត្រីនគរបាលចំនួន ១០គ្រួសារ ដែលគ្រួសារនីមួយៗទទួលបានថវិកា ៦លានរៀល ស្របតាមគោលការណ៍របស់សមាគមមិត្តនគរបាលជាតិ។
ដោយឡែក គ្រួសារសពចំនួន ៣គ្រួសារទៀត ដែលជាសមាជិកគ្រួសាររបស់មន្ត្រីនគរបាល ក៏ទទួលបានថវិកាឧបត្ថម្ភចំនួន ២លានរៀលក្នុងមួយគ្រួសារ ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខក្នុងគ្រាលំបាក។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់សមាជិកគ្រួសារ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំនគរបាលជាតិ ជូនដល់ក្រុមគ្រួសារសពទាំងអស់។
លោកស្នងការ បានបញ្ជាក់ថា ការផ្តល់ថវិកាឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់របស់សមាគមមិត្តនគរបាលជាតិ ក្នុងការជួយគាំទ្រដល់សមាជិក និងគ្រួសារ នៅពេលជួបទុក្ខលំបាក ឬមានការបាត់បង់សមាជិកក្នុងគ្រួសារ ស្របតាមគោលការណ៍សាមគ្គីភាព និងមនុស្សធម៌របស់អង្គការ។
គ្រួសារសពដែលទទួលបានថវិកាឧបត្ថម្ភ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនគរបាលជាតិ និងសមាគមមិត្តនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមជួយរំលែកទុក្ខលំបាកដល់ក្រុមគ្រួសារមន្ត្រីនគរបាលគ្រប់កាលៈទេសៈ៕


