ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានរៀបចំពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ពិធីនេះត្រូវបានរៀបចំឡើងនៅសាលាឃុំអង្គកែវ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំអង្គកែវ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ នាយប៉ុស្តិ៍រដ្ឋបាល មន្ត្រីពាក់ព័ន្ធ មេភូមិ អនុភូមិ និងសមាជិកភូមិទាំង៨ភូមិ រួមទាំងកម្លាំងប្រជាការពារភូមិទាំង៨ភូមិ ក្នុងឃុំអង្គកែវផងដែរ។
ក្នុងឱកាសនោះ លោក អ៊ំ ចំរើន អភិបាលស្រុកទ្រាំង បានលើកឡើងអំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាគោលនយោបាយដ៏មានសារៈប្រយោជន៍ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាសន្តិសុខសង្គម ការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនានៅក្នុងសហគមន៍។
អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ជុំវិញបញ្ហាប្រឈមនានានៅមូលដ្ឋាន ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការ និងបង្ក្រាបបទល្មើស ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកម្លាំងពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ជាពិសេសការចូលរួមពីប្រជាពលរដ្ឋ និងប្រជាការពារភូមិ ក្នុងការរាយការណ៍ព័ត៌មាន និងថែរក្សាសន្តិសុខនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវភូមិ ឃុំ មានសុវត្ថិភាព និងការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕


