លោកហ៊ាង ប៊ុនថា នាយកបណ្ដាញសារព័ត៌មាន TheMirror News បានលើកឡើងជាទស្សនៈពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលប្រកាន់ភ្ជាប់នូវព្រមសីលធម៌ និងវិជ្ជាជីវៈ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នេះបើយោងតាមបណ្តាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។
លោកហ៊ាង ប៊ុនថា បានលើកឡើងច្បាស់ៗថា៖ អ្នកសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបានចាត់ទុកថា ជា «កញ្ចក់ឆ្លុះបញ្ចាំងសង្គម» និងជាសម្លេងរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ការក្លាយជាអ្នកសារព័ត៌មានពិតប្រាកដ មិនមែនគ្រាន់តែចេះថត ចេះសរសេរ ឬចេះផ្សាយព័ត៌មានប៉ុណ្ណោះទេ តែត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ព្រមទាំងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងម៉ឺងម៉ាត់។
អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈពិតប្រាកដ ត្រូវហ៊ាននិយាយការពិត ហ៊ានចុះផ្សាយបញ្ហាអយុត្តិធម៌ ហ៊ានបង្ហាញអំពើអសកម្ម អំពើពុករលួយ និងភាពមិនប្រក្រតីក្នុងសង្គម ទោះបីជាត្រូវប្រឈមការគំរាមកំហែង សម្ពាធ ឬបញ្ហាផ្លូវច្បាប់ក៏ដោយ។ ប៉ុន្តែ ការហ៊ាននោះ មិនមែនជាការផ្សាយដោយគ្មានមូលដ្ឋាន ឬប្រើអារម្មណ៍ផ្ទាល់ខ្លួននោះទេ គឺត្រូវផ្អែកលើភស្តុតាង ប្រភពច្បាស់លាស់ និងការស្រាវជ្រាវត្រឹមត្រូវ ដើម្បីធានាថា ព័ត៌មានដែលផ្សាយមានតុល្យភាព និងជាការពិត។
បទពិសោធន៍ជាក់ស្ដែងក្នុងវិស័យសារព័ត៌មាន បានបង្ហាញថា អ្នកសារព័ត៌មានដែលឈរលើក្រមសីលធម៌ និងសេចក្ដីពិត មិនងាយរងការចោទប្រកាន់ដោយអយុត្តិធម៌ឡើយ ព្រោះការងាររបស់ពួកគេមានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងដើម្បីផលប្រយោជន៍សង្គម មិនមែនដើម្បីបំផ្លាញកិត្តិយសបុគ្គល ឬបម្រើផលប្រយោជន៍ក្រុមណាមួយនោះទេ។
ការរិះគន់ស្ថាបនា ក៏ជាតួនាទីសំខាន់របស់អ្នកសារព័ត៌មានផងដែរ។ ការរិះគន់ដែលមានវិជ្ជាជីវៈ គឺជាការបង្ហាញពីចំណុចខ្វះខាត ដើម្បីជំរុញឲ្យមានការកែប្រែ និងអភិវឌ្ឍ មិនមែនជាការជេរប្រមាថ ឬវាយប្រហារផ្ទាល់ខ្លួនឡើយ។ ស្ថាប័ន ឬមន្ត្រីណាដែលមានទំនួលខុសត្រូវពិតប្រាកដ គួរទទួលយកព័ត៌មានរិះគន់ដោយបើកចិត្តទូលាយ និងសហការបកស្រាយដោយតម្លាភាព ជាជាងប្រើការគំរាម ឬចោទប្រកាន់ថា “បំពុលសង្គម” ដើម្បីបិទមាត់អ្នកសារព័ត៌មាន។
អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈ តែងយល់ថា សិទ្ធិសេរីភាពសារព័ត៌មាន មិនមែនជាសិទ្ធិដើម្បីប្រើប្រាស់ដោយគ្មានដែនកំណត់ទេ ប៉ុន្តែជាសិទ្ធិដែលភ្ជាប់ជាមួយការទទួលខុសត្រូវ។ ដូច្នេះ ការគោរពច្បាប់ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការផ្សាយប្រកបដោយសុចរិតភាព គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់អ្នកសារព័ត៌មានក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
ក្នុងសង្គមដែលកំពុងប្រឈមបញ្ហាជាច្រើន ប្រជាពលរដ្ឋត្រូវការអ្នកសារព័ត៌មានដែលមានឆន្ទៈ ស្មោះត្រង់ និងមានវិជ្ជាជីវៈ ដើម្បីជួយលើកស្ទួយយុត្តិធម៌ សុចរិតភាព និងតម្លាភាពសង្គម។ ព្រោះនៅពេលអ្នកសារព័ត៌មានហ៊ាននិយាយការពិត សង្គមក៏មានឱកាសកែប្រែ និងរីកចម្រើនទៅមុខផងដែរ៕


