ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយទំនប់ចាបយំ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានស្នើសុំឱ្យអាជ្ញាធរ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ និងដាក់លូរបស់ក្រុមហ៊ុនមួយដែលគេដឹងត្រឹមថា ជាក្រុមហ៊ុនរបស់កូរ៉េ ក្រោយការបិទផ្លូវអូសបន្លាយអស់រយៈពេលជាច្រើនខែ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានលើកឡើងថា ការបិទផ្លូវរយៈពេលយូរ បានធ្វើឱ្យការធ្វើចរាចរណ៍មានការលំបាកយ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកធ្វើដំណើរដោយរថយន្ត និងម៉ូតូ ខណៈទីតាំងសាងសង់មួយចំនួន មិនទាន់មានវិធានការសុវត្ថិភាពគ្រប់គ្រាន់ ដែលធ្លាប់មានករណីប្រជាពលរដ្ឋជិះធ្លាក់ចូលប្រឡាយកំពុងសាងសង់ បង្កឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពសាធារណៈ។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យ និងព្រួយបារម្ភបន្ថែមនោះ គឺផ្លូវបេតុងដែលទើបសាងសង់ថ្មី មិនទាន់បានប្រើប្រាស់គ្រប់មួយឆ្នាំផង បែរជារងការខូចខាត និងត្រូវរុះរើឡើងវិញ ដែលនាំឱ្យមានចម្ងល់ជុំវិញគុណភាពសំណង់ និងការរៀបចំផែនការអនុវត្តគម្រោង។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានស្នើឱ្យអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមុខបំភ្លឺថា តើការបិទផ្លូវអូសបន្លាយរយៈពេលយូរបែបនេះ ស្ថិតក្នុងក្របខណ្ឌច្បាប់ និងនីតិវិធីសាងសង់ដែរឬទេ ហើយតើមានវិធានការណាខ្លះ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានអំពាវនាវដល់ឯកឧត្តម ប៉េង ពោធិ៍នា មេត្តាជួយជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងារ និងពង្រឹងវិធានការសុវត្ថិភាព ដើម្បីធានាថាគម្រោងអាចបញ្ចប់បានឆាប់រហ័ស ប្រកបដោយគុណភាព និងស្របតាមស្តង់ដារបច្ចេកទេស។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគេមិនប្រឆាំងនឹងការអភិវឌ្ឍន៍នោះទេ ប៉ុន្តែចង់ឃើញការអនុវត្តគម្រោងមានប្រសិទ្ធភាព តម្លាភាព និងគិតគូរពីសុវត្ថិភាព ព្រមទាំងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាចម្បង។
ទាក់ទិនករណីនេះ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា មិនទាន់អាចសុំការបំភ្លឺពីភាគីក្រុមហ៊ុនខាងលើ បាននៅឡើយទេ ដោយសារពុំទាន់មានមធ្យោបាយទំនាក់ទំនងផ្ទាល់។
យ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នៅតែបើកចំហ និងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបព័ត៌មានគ្រប់ជ្រុងជ្រោយ៕


