ខេត្តកណ្ដាល៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ចុះផ្សាយអំពីសំណង់អត់ច្បាប់១កន្លែង នៅភូមិកំពង់ទួល ឃុំអន្លង់ រមៀតស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី១ ខែមេសា ម្សិលមិញ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន កេណ្ឌកម្លាំងគ្នាចុះទៅពិនិត្យសំណង់នោះភ្លាមៗ ហើយរកឃើញថា មិនមានច្បាប់ទម្លាប់នោះទេ។ បើទោះបីជាគ្រប់ៗគ្នា ដឹងថាសំណង់នោះគ្មានច្បាប់ក៏ដោយ បន្ទាន់ភ្លាមៗស្ថាប័នជំនាញមិនបានបិទការដ្ឋាននោះឡើយ ផ្ទុយទៅវិញបានអនុញ្ញាតឲ្យបន្តការងារ និងណែនាំឲ្យម្ចាស់ផ្ទះទៅសុំ ច្បាប់នៅរដ្ឋបាលស្រុកកណ្ដាលស្ទឹង។
មេភូមិកំពង់ទួលលោក ជួប វុទ្ធី មានប្រសាសន៍ប្រាប់ពេញចិត្តមេឌា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា គាត់ (ម្ចាស់ផ្ទះ)ទៅសុំច្បាប់នៅសាលាស្រុកផ្ទាល់មាត់ ប៉ុន្តែកាលពីម្សិលមិញ ពេលដែលពួកយើងខ្ញុំចុះទៅនោះ គាត់មិនទាន់មានលិខិត អនុញ្ញាតនៅឡើយទេ។
លោកមេភូមិបន្តទៀតថា កាលពីមុននោះមិនមានលិខិត អនុញ្ញាតអ្វីទេ ហើយថ្ងៃនេះគាត់ ទៅជួបខាងរដ្ឋបាលស្រុក សួរនាំរឿងលិខិតអនុញ្ញាត ។
លោកសន ដុះ មន្ត្រីភូមិបាលស្រុកកណ្ដាលស្ទឹង ចុះផ្ទាល់ដល់សំណង់ បានមានប្រសាសន៍ថា យើងបានឱ្យគាត់ទៅសុំច្បាប់។ ការសាងសង់ពីមុនមក មិនមានច្បាប់ទេ ដោយគាត់ជួបត្រឹមតែភូមិ-ឃុំ ឥឡូវយើងបានជូនគាត់ទៅសុំច្បាប់ទម្លាប់នៅរដ្ឋបាលស្រុកហើយ។ យើងមិន បានផ្អាកសំណង់គាត់ទេ ដោយណែនាំឱ្យគាត់ទៅសុំ ច្បាប់ ហើយប្រហែលកន្លះខែទៀត មានច្បាប់ទម្លាប់ត្រឹមត្រូវហើយ។
លោកមន្ត្រីភូមិបាលខាងលើបានបញ្ជាក់ថា ការអនុញ្ញាតបន្តសាងសង់សំណង់ ខាងលើនេះមិនមានទាស់ខុសអ្វីទេ ដូច្នេះគឺអនុញ្ញាតឲ្យគាត់បន្តសាងសង់ដោយគ្រាន់តែទៅសុំច្បាប់ពីរដ្ឋបាលស្រុកប៉ុណ្ណោះ។ លោកបានសង្កត់ ធ្ងន់ថា យើងធ្វើដើម្បីឲ្យមានការអភិវឌ្ឍន៍,ចុះបើគាត់អភិវឌ្ឍន៍ហើយ,ទៅធ្វើអីចេះ អីចុះដាក់គាត់អីទៀត! ដូច្នេះឲ្យគាត់សុំច្បាប់ទៅ។
មជ្ឃដ្ឋានអ្នកច្បាប់បានលើកឡើងថា តើជាគំរូអាក្រក់ឬទេក្នុងការអនុញ្ញាតសំណង់នានាបន្តសាងសង់ដោយខុសច្បាប់ ហើយម្ចាស់ការដ្ឋានទៅសុំច្បាប់ជាក្រោយនោះឬអាចថាសំណង់សាងសង់រួចហើយ ទើបសុំច្បាប់ជាក្រោយឬខ្លះមិនសុំច្បាប់តែម្ដង? តើរាល់ការអភិវឌ្ឍន៍មិនចាំបាច់មានការគោរពតាមច្បាប់ទម្លាប់ ឬបទដ្ឋានបច្ចេកទេសឬទេ?
ក្នុងបរិបទនៃការអភិវឌ្ឍលើវិស័យសំណង់យ៉ាងលឿននៅខេត្តកណ្ដាល បញ្ហាសំណង់គ្មានច្បាប់មិនមែនជាករណីដាច់ដោយឡែកនោះទេ។ ករណីជាក់ស្តែងកន្លងមក បង្ហាញថា អាជ្ញាធរមួយចំនួនបានអនុវត្តវិធានការយ៉ាងតឹងរឹង។ ឧទាហរណ៍ នៅក្រុងអរិយក្សត្រ អាជ្ញាធរបានចុះបិទការដ្ឋានសំណង់មួយកន្លែងភ្លាមៗ បន្ទាប់ពីរកឃើញថា សាងសង់ដោយគ្មានលិខិតអនុញ្ញាតតាម ច្បាប់ទម្លាប់ត្រឹមត្រូវ។ ដូចគ្នានេះផងដែរ នៅស្រុកស្អាង មន្ត្រីថ្នាក់ខេត្តក៏បានចុះពិនិត្យ និងផ្អាកសំណង់ដែលរំលោភច្បាប់ដោយមិនយឺតយ៉ាវ។
មហាជនបានលើកឡើងថា បញ្ហាសំណង់អត់ច្បាប់មិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាអភិបាលកិច្ចផងដែរ។ ប្រសិនបើអាជ្ញាធរមិនអនុវត្តច្បាប់យ៉ាងតឹងរឹង និងស្មើភាព នោះវាអាចបង្ក គ្រោះថ្នាក់សំណង់ និងគ្រោះថ្នាក់ជីវិតប្រជាពលរដ្ឋ ជម្លោះដីធ្លីកើនឡើង ការបំពានលើផែនការអភិវឌ្ឍន៍ និងសំណង់ទីក្រុង ការបាត់បង់ទំនុកចិត្តពីសាធារណជនចំពោះអាជ្ញាធរ។
ប្រភពពីអ្នកយល់ដឹងរឿងសំណង់បានឱ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគួរចុះពិនិត្យសំណង់ទាំងអស់ ក្នុងតំបន់ដោយទូលំទូលាយ និងជាបន្ទាន់ផ្អាក ឬបិទការដ្ឋានសំណង់ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ បង្ហាញលទ្ធផលនៃការត្រួត ពិនិត្យជាសាធារណៈ ដើម្បីធានាតម្លាភាព អនុវត្តច្បាប់ដោយស្មើភាព គ្មានការលើកលែង ឬអភ័យឯកសិទ្ធិ។
ប្រជាពលរដ្ឋលើកឡើងថា ការអភិវឌ្ឍន៍គួរត្រូវធ្វើ ឡើងក្រោមច្បាប់ និងវិន័យ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព មិនមែនជាការរីកចម្រើនដែលបង្កបញ្ហាថ្មីៗ ឬបំផ្លាញសណ្តាប់ធ្នាប់សង្គមនោះឡើយ។
ជុំវិញបញ្ហាសំណង់អត់ច្បាប់នេះ ប្រជាពលរដ្ឋក៏ដូចជាអ្នកតាមដានបញ្ហាសង្គម អ្នកសារព័ត៌មាននៅតែរង់ចាំមើលសកម្មភាពជាក់ស្តែងពីអាជ្ញាធរ មិនត្រឹមតែសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តផ្ទាល់ ដើម្បីបញ្ឈប់បញ្ហាសំណង់អត់ច្បាប់ មុននឹងវាក្លាយជាបញ្ហាធំធេង និងពិបាកគ្រប់គ្រងនៅពេលអនាគត៕


