ជើងភ្នំរហាវ ក្នុងស្រុកកែវសីមា ក្លាយជាតំបន់ជីកកកាយរករ៉ែមាសយ៉ាងអាណាធិបតេយ្យក្រោមខ្សែ ភ្នែកមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងតំបន់

ជើងភ្នំរហាវ ក្នុងស្រុកកែវសីមា ក្លាយជាតំបន់ជីកកកាយរករ៉ែមាសយ៉ាងអាណាធិបតេយ្យក្រោមខ្សែ ភ្នែកមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងតំបន់

ខេត្តមណ្ឌលគីរី÷ ទីតាំងនៃការរុករករ៉ែមាសខុសច្បាប់ជា ច្រើនកន្លែងនៅចំណុចរហាវស្ថិតនៅក្នុងដែនជម្រកសត្វ ព្រៃភ្នំព្រិច បាននឹងកំពុងធ្វើសកម្មភាពជីករករ៉ែមាសជារៀងរាល់ថ្ងៃក្រោមការសម្របសម្រួលបើកដៃពី សំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ។ យ៉ាងណាក៏ដោយមន្ត្រីនៃមន្ទីរ៉ែនិងថាមពល ខេត្តមណ្ឌលគិរីបដិសេធថាមិនពាក់ព័ន្ធទេ ហើយសកម្មភាពទាំងនោះស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពរុករករ៉ែមាសនៅតំបន់ទីតាំងបានឲ្យដឹងថា សកម្មភាពនៃការរុករករ៉ែ នៅភ្នំរហាវ មានប្រមាណជា២០គ្រួសារ ដែលពលរដ្ឋអ្នករុករករ៉ែទាំងនោះមួយចំនួនមកពីតាមបណ្ដាឃុំស្រុកផ្សេងៗនៅខេត្តក្រចេះនិងមួយចំនួនទៀត ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ទង់ នៃស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។ សកម្មភាពនៅតំបន់នោះគឺធ្វើឡើងទាំងខែប្រាំង និងខែវស្សា ខុសត្រង់ថា នៅខែវស្សាគឺសម្បូរទឹកមានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានចូលទៅធ្វើ សកម្មភាពរុករករ៉ែ នៅតំបន់ផ្សេងៗពីនោះជាច្រើនទៀត ដោយឡែកនៅខែប្រាំង នេះដោយសារមានការខ្វះខាតទឹកប្រើប្រាស់នៅសេសសល់តែមួយចំនួនប៉ុណ្ណោះ ដែលនៅបន្តសកម្មភាពនៅតាមអូរ ក្នុងព្រៃជើងភ្នំរហាវ ។ 

ពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរុករករ៉ែនៅតំបន់នោះបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នពិបាករកលុយមិនសូវបានទេ ម៉ាស៊ីនសាំងតូចៗរកមាសបាន១ថ្ងៃត្រឹមតែ១ឬ ២ហ៊ុនប៉ុណ្ណោះ ហើយរាល់ការចំណាយច្រើនសម្រាប់ មន្ត្រី បរិស្ថាន មានមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច ក៏មកយកលុយ មន្ត្រីបរិស្ថានស្នាក់ការចំបក់ស្ថិតនៅក្នុងដែនជំជម្រកកែវសីមា ក៏មកយកលុយ រួមនិងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀត ។

ប្រភពបន្តថា មន្ត្រីបរិស្ថានតម្រូវឲ្យពួកគាត់រុករករ៉ែមាស បង់ទៅឲ្យក្នុង១ទីតាំង១០ម៉ឺនរៀលក្នុង១ខែ សម្រាប់អ្នកបូមម៉ាស៊ីនសាំងតូចៗ តែសម្រាប់អ្នកបូមម៉ាស៊ីនខ្នាតធំគឺបង់ប្រចាំខែ១ខែ៤០ម៉ឺនរៀល ទាំងមន្ត្រីដែនជម្រក សត្វព្រៃភ្នំព្រិចនិងដែនជម្រកសត្វព្រៃកែវសីមា។ ក្រៅពី នោះនៅមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធជាច្រើនផ្សេង ទៀតទៅតាមការចរចាសម្របសម្រួលគ្នា។

ប្រភពពីមន្ត្រីនានានៅខេត្តមណ្ឌលគិរីបង្ហើបថា ករណីបទល្មើសកាយរ៉ែនៅជើងភ្នំរហាវគេសង្ស័យពាក់ព័ន្ធជា មួយអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយរូប។

លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុកការងារដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កម្លាំងរបស់លោកសហការជាមួយនឹងទាហានបានបង្ក្រាបករណីរ៉ែមាសនៅភ្នំរហាវនោះ២ដង រួចមកហើយកាលពីខែមុនដោយបានឬសម្ភារៈបទល្មើសចេញយកមកទុកស្នាក់ការ។ តែករណីខាងក្រោយទៀត មិន ដឹងយ៉ាងណាទេលោកនឹងចាត់កម្លាំងឲ្យទៅមើល។

ពាក់ព័ន្ធនិងករណីលុយកាក់ជាមួយនឹងបទល្មើសលោកអនុប្រធានមន្ទីរបានមានប្រសាសន៍ថា លោកមិនដឹងទេប៉ុន្តែនឹងស៊ើបអង្កេតមើលបន្ថែមទៀត។ បើសិនជាមានពាក់ព័ន្ធយ៉ាងណាលោកនឹងចាត់ការបន្ត។ សម្រាប់រូបលោកមិនពាក់ព័ន្ធនឹងបញ្ហានេះទេ។

ប្រភពបន្តថា សម្រាប់អ្នកមានលទ្ធភាពនិងប្រើប្រាស់គ្រឿងម៉ាស៊ីនធំៗសម្រាប់ការរុករករ៉ែមាស នៅទីតាំងនោះ ពួកគាត់ ជាអ្នកចេញមុខសម្របសម្រួលប្រមូលលុយពីតាមរណ្ដៅរ៉ែមាសផ្សេងទៀត យកចាត់ចែងជាមួយនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ហើយនៅពេលចុងខែម្ដងៗគឺពួកគាត់ប្រមូលប្រជាពលរដ្ឋដែលធ្វើសកម្មភាពរុករករ៉ែមាសទាំងនោះ មកជួបជុំគ្នានៅក្នុងភូមិរហាវដើម្បីប្រមូលថវិកាយកទៅចាត់ចែងសម្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងនោះ ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីបរិស្ថាននៅស្នាក់ការចំបក់ បានបញ្ជាក់ឲ្យដឹងថា តំបន់នោះមិនស្ថិតនៅក្រោមការ គ្រប់គ្រងក្នុងដែនរបស់លោកទេ។ ចំពោះការដែលគេចោទថា មានមន្ត្រីទទួលយកលុយកាក់ពីអ្នកធ្វើរ៉ែមាសនោះ ក៏មិនទាន់ដឹងដែលចាំមើលសួរនាំសិន។ ចំណែកមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច មិនអាចស្វែងរកការទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយទេ។ 

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកនឹងចាត់កម្លាំងឲ្យចុះទៅបង្ក្រាបជា បន្ទាន់ ហើយប្រសិនបើមានករណីមន្ត្រីរបស់លោកចុះ ទៅយកលុយមែនឲ្យរាយការណ៍ជាសម្ងាត់ផង ៕

img 20251230 151317 850 img 20251230 151317 828 img 20251230 151318 017 img 20251230 151317 398 img 20251230 151317 765 img 20251230 151318 059

Scroll to Top