ទោះបីមានការណែនាំពីអភិបាលខេត្តកណ្ដាល ក៏ «ស.ជ.ណ»ចំនួន៣ របស់ លោក ឡូវ សុខសាន សាបដូចទឹកទន្លេ លើម្ចាស់លំនៅឋានសង់ផ្ទះបិទព្រែកឫស្សីស្រុក

ទោះបីមានការណែនាំពីអភិបាលខេត្តកណ្ដាល ក៏ «ស.ជ.ណ»ចំនួន៣ របស់ លោក ឡូវ សុខសាន សាបដូចទឹកទន្លេ លើម្ចាស់លំនៅឋានសង់ផ្ទះបិទព្រែកឫស្សីស្រុក

ខេត្តកណ្ដាល៖ ករណីប្រជាពលរដ្ឋមួយរូបបានចាក់ដីបិទព្រែក ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ខូចសណ្តាប់ធ្នាប់ បរិស្ថាន និងបង្កឱ្យស្ទះចរន្តទឹកហូរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋាន ប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង នៅចំណុចព្រែកឬស្សីស្រុក ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល រដ្ឋបាលស្រុកកៀនស្វាយធ្លាប់បានចេញសេចក្ដីជូនដំណឹងចំនួន៣លើកមកហើយ ប៉ុន្តែសេចក្ដីជូនដំណឹងដែលចេញនិងចុះហត្ថលេខាដោយលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ពុំមានប្រសិទ្ធភាពអ្វីទាល់តែសោះចំពោះប្រជាពលរដ្ឋខាងលើនោះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីជូនដំណឹងលើកទី១ លេខ០៩១ បានជូនដំណឹងឱ្យ លោក ចាន់ វិទូ កាយយកអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកឬស្សីស្រុក ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយនៅក្នុងស.ជ.ណ បានបញ្ជាក់ថា សកម្មភាពនៃការចាក់ដីរំលោភចូលព្រែកដោយខុសច្បាប់ ស្ថិតនៅចំណុចព្រែកឬស្សីស្រុកខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ខូចសណ្តាប់ធ្នាប់ បរិស្ថាន និងបង្កឱ្យស្ទះចរន្តទឹកហូរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋាន ព្រមទាំងប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង។ ក្នុងស.ជ.ណដដែលរដ្ឋបាលស្រុកកៀនស្វាយស្នើដល់លោក ចាន់ វិទូ ចូលរួមសហការ និងធ្វើការកាយយកអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកចេញ រយៈពេល៧ថ្ងៃជាកំហិត ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ករណីនេះ រដ្ឋបាលស្រុកបញ្ជាក់ថ បើលោកមិនព្រមអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះធ្វើការកាយយកអាចមន៍ដី ចេញ ដោយខ្លួនឯង ហើយចំពោះការខូចខាត ឬបាត់បង់នោះ អាជ្ញាធរមិនទទួលខុសត្រូវឡើយ។

បើយោងតាមសេចក្ដីជូនដំណឹងលើកទី២ លេខ១០៦ ក៏បានជម្រាបឱ្យលោក ចាន់ វិទូ កាយយកអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកឬស្សីស្រុក ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលរដ្ឋបាលស្រុកកៀនស្វាយបានបញ្ជាក់ឱ្យដឹងថា សកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ខូចសណ្តាប់ធ្នាប់ បរិស្ថាន និងបង្កឱ្យ ស្ទះចរន្តទឹកហូរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋាន ព្រមទាំងប្រឈមនឹងបញ្ហាជំនន់ ទឹកភ្លៀង។ ហើយមកដល់ពេលនេះ លោក ចាន់ វិទូ នៅតែមិនទាន់អនុវត្តន៍តាមការជូនដំណឹងនៅឡើយទេ។

ជាមួយនោះ លោក ឡូវ សុខសាន បានបញ្ជាក់ថា ករណីនេះអាជ្ញាធរស្រុកស្នើដល់លោកត្រូវចូលរួមសហការ និងធ្វើការកាយយកអាចម៍ដីដែល បានចាក់រំលោភចូលព្រែកចេញក្នុងរយៈពេល០៧ថ្ងៃជាកំហិតដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ លោកចៅហ្វាយស្រុកបញ្ជាក់ទៀតថា បើករណីលោកនៅតែមិនព្រមអនុវត្តន៍តាមការជូនដំណឹងខាងលើទៀត រដ្ឋបាលស្រុកនឹងគោរពស្នើសុំគោលការណ៍ពីរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ហើយចំពោះការខូចខាត ឬបាត់បង់នោះអាជ្ញាធរ មិនទទួលខុសត្រូវឡើយ។

បើតាមសេចក្ដីជូនដំណឹងលើកទី៣ លេខ៣០៨/២៥ ស្តីពីការជីកស្តារព្រែកឬស្សីស្រុក ស្ថិតក្នុងភូមិសាស្ត្រឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលដោយយោងតាមមតិដឹកនាំរបស់លោកអភិបាលខេត្តកណ្តាលកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយរដ្ឋបាលស្រុកកៀនស្វាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ និងសាងសង់សំណង់រំលោភលើចំណីព្រែកឬស្សីស្រុក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំឈើទាល ឱ្យបានជ្រាបថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត-ស្រុក-ឃុំ និងភូមិ ចុះពិនិត្យស្ថានភាពទឹកជន់ លិចផ្ទះ និងចំការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីស្រុក និងភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ។

ក្នុងស.ជ.ណ ខាងលើនេះ បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពជាក់ស្តែង ដើម្បីរំដោះទឹកដែលជន់លិចផ្ទះ និងចំការរបស់បងប្អូន ប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្តបានបញ្ជាឱ្យជីកស្តារប្រឡាយ និងព្រែកនានានៅក្នុងភូមិសាស្ត្រនេះឡើងវិញ រួចបង្ហូរទឹកចូលទន្លេ។ ដើម្បីឱ្យកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងឆាប់រហ័សជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់រំដោះទឹកជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសាស្ត្រខាងលើ រដ្ឋបាលស្រុកស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ សាងសង់ សំណង់ និងចាក់ដីរំលោភលើចំណីព្រែក សុំរុះរើចេញដោយស្ម័គ្រចិត្តក្នុងរយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំហិត។

ទោះបីរដ្ឋបាលស្រុកកៀនស្វាយបានខិតខំចេញសេចក្ដីជូនដំណឹងចំនួន០៣លើកនិងទុកឱសានវាទ និងមានការណែនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាលយ៉ាងណាក៏ដោយ ក៏នៅតែពុំមានប្រសិទ្ធភាពដដែលជាដដែល ផ្ទុយទៅវិញប្រជាពលរដ្ឋដែលបានចាក់ដីរំលោភចូលព្រែកដោយខុសច្បាប់ខាងលើបានបន្តគន្លើនឱ្យក្រុមជាងធ្វើសកម្មភាពដែលផ្ទុយទៅនឹងសេចក្ដីជូនដំណឹងខាងលើទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋរស់បានស្នើដល់អភិបាលខេត្តកណ្ដាលជួយអន្តរាគមន៍ជីកស្តារព្រែកឬស្សីស្រុកខាងលើនេះ ដើម្បីរំដោះទឹកដែលជន់លិចផ្ទះ និងចំការរបស់ពួកគាត់ និងស្នើឱ្យមានវិធានការផ្លូវច្បាប់ដល់បុគ្គលប្រព្រឹត្តល្មើសទាំងនោះឲ្យបានធ្ងន់ធ្ងរ៕

fb img 1766919151095 photo 2025 12 28 15 59 51 2 1024x683 photo 2025 12 28 15 59 52 2 1024x577 photo 2025 12 24 12 35 49 1024x768 photo 2025 12 24 12 35 52 2 1024x768 photo 2025 12 24 12 35 49 2 1024x768

Scroll to Top