ខេត្តតាកែវ ៖ ឆាប់ខាងមុខនេះ ប្រជាពលរដ្ឋ៣ភូមិក៏ដូចជាអ្នកដំណើរសិស្សសាលា ដែលត្រូវឆ្លងកាត់ផ្លូវរាប់រយរាប់ពាន់នាក់ ក្នុងមួយថ្ងៃៗនឹងលែងលំបាកទៀតហើយ ក្រោយមានគម្រោងផ្លូវបេតុងមួយខ្សែត្រូវបានលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានអញ្ជើញបើកការដ្ឋានសាងសង់។
ផ្លូវបេតុងប្រវែង១,៦៣៧ម៉ែត្រ ត្រូវបានបើកការដ្ឋានក្រោមអធិបតីសំណាក់លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមជាមួយលោក ទូច ចន្ធី អភិបាលរងស្រុក នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។ តាមការបញ្ជាក់ពីអ្នកទទួលការសាងសង់ ផ្លូវនេះជាគម្រោងមូលនិធិឃុំលាយបូរឆ្នាំ២០២៥ ដែលជំហានដំបូងមានប្រវែង១,៦៣៧ម៉ែត្រ និងទទឹង៦ម៉ែត្រ កំរាស់១៥០មម ជើងទេM1:1,5 លុបស្មារផ្លូវទាំងសងខាង និងដាក់ស្លាកសញ្ញាគម្រោង ១កន្លែង ស្ថិតក្នុងភូមិចំនួន២.គឺភូមិត្រពាំងព្រីង និងភូមិអង្គគគីរ។ការសាងសង់ផ្លូវបេតុងនេះ គឺឆ្លើយតបការទន្ទឹងរង់ចាំរបស់បងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជាយូរមកហើយ និង ជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន និងមានសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងរដូវវស្សា។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន លោក កេត ម៉ៅ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សាឃុំ ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ លោកក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ អាជ្ញាធរឃុំរភូមិ អនុភូមិនិងសមាជិក អ្នកសារព័ត៌មាន លោកយាយលោកតាអ៊ុំពូមីងបងប្អូនជាពលរដ្ឋ ជួយចុះពិនិត្យតាមដាន ការអនុវត្តការងារប្រកបដោយគុណភាពខ្ពស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ចប់ទាន់ពេលវេលាដែលបានកំណត់ ដើម្បីផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស។
ការបើកការដ្ឋាននេះ គឺជាសក្ខីភាពមួយដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក កេត ម៉ៅ ក៏សូមបួងសួងដល់បុណ្យបារមីទាំងអស់ តាមបីបាច់ថែរក្សា កងទ័ពជួរមុខ និងប្រជាពលរដ្ឋមន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ នៅតាមទល់ដែន កម្ពុជា.ថៃ ឱ្យមានសុខសុវត្ថិភាព និងឈ្នះអស់មាសសត្រូវ៕


