រដ្ឋបាលខណ្ឌទួលគោកស្ងាត់ឈឹង ករណីលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃ

រដ្ឋបាលខណ្ឌទួលគោកស្ងាត់ឈឹង ករណីលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃ

ភ្នំពេញ៖ ស្របពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរលោកជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងសកម្មភាពរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវក្នុងមូលដ្ឋានណារបស់ខ្លួននោះ នៅឯខណ្ឌទួលគោកនៅតែបន្តត្រជាក់ល្ហឹម ដោយមិនឃើញធ្វើសកម្មភាពរៀបចំសណ្តាប់ធ្នាប់,រំដោះផ្លូវនោះទេ។

គួរកត់សម្គាល់ថា បណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអាណាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី នៅ តែព្រងើយកន្តើយធ្វើមិនដឹង,មិនឮ ក្នុងផលប្រយោជន៍ណាមួយ ដែលបានមកអំពីភាពអនាធិបតេយ្យ នៃការ បាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវនេះឬយ៉ាងណា?។

ប្រជាពលរដ្ឋនិយាយថា ប្រសិនបើមិនបានទទួលលាភ សក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌទួលគោក បញ្ចេញកម្លាំងទៅបោសសំអាតរៀបចំសណ្ដាប់ធ្នាប់លើទីតាំងទាំងនោះហើយ។ ជាក់ស្ដែងតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចនៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ ធ្នាប់នោះឡើយ បើទោះបីជាអ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។ ករណីនេះប្រជាពលរដ្ឋបាននិយាយច្រើនលើកច្រើនសារមកហើយ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ ចំពោះភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចលឺ,មាត់ចាប មាត់ព្រាប ខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអាណាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សិបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។

ក្រុមអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះ ត្រូវបានបង្អើលកាលពីប៉ុន្មានថ្ងៃមុន ទំនងជាមានការខ្សិបខ្សៀវពីអាជ្ញាធរដែលនឹងរៀបចំដេញ? ប៉ុន្តែមិនដឹង ជាហេតុអ្វីបានជាឃើញគេរៀបចំការលក់ដូរ ឲ្យមានភាពប្រសើរឡើងវិញ ដូចជាការដាក់តាំងភ្លើង? និងទំនងជារៀបចំបន្ទប់ទឹកឲ្យអតិថិជនដែលទៅស៊ីផឹកនៅកន្លែងអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យនោះទៀតផង។ 

ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕

img 20251208 102756 710 img 20251208 102757 380 img 20251208 102756 581 img 20251208 102756 925 img 20251208 102756 964 img 20251208 102756 525 img 20251208 102757 222

 

Scroll to Top