ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ចុះផ្សាយអំពីករណីទីតាំងផលិតបារីនៅក្រុងសួងរួចមក លោកពេញ វុត្ថា ប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តត្បូងឃ្មុំ បានចេញមកបញ្ជាក់ថា ទីតាំងផលិតបារីនោះបានផ្ទេររើចេញតំបន់ទន្លេបិទ មកទីតាំងថ្មីនៅក្រុងសួង។ រីឯការផ្លាស់ប្ដូរ និងការស្នើសុំច្បាប់ទីតាំងថ្មីនេះមិនទាន់បានចេញដំណើរការនៅឡើយ។ នេះបើយកតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅព្រឹកថ្ងៃថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
យ៉ាងណាក៏លោកប្រធានមន្ទីរបានឲ្យដឹងថា គេមានច្បាប់អនុញ្ញាតត្រឹមត្រូវ, មានវិញ្ញាបនបត្រដំណើរការត្រឹមត្រូវនៅមានសុពលភាព ហើយចំពោះទីតាំងថ្មីនេះ កំពុងរៀបចំនីតិវិធីដើម្បីស្នើសុំទីតាំងជួលនេះ,ហើយនៅពេលនោះនឹងមានលិខិតមួយទៀតបញ្ជាក់អំពីការជួលទីតាំង។ លោកបញ្ជាក់ថា ជារួមមានច្បាប់អនុញ្ញាតត្រឹមត្រូវរួច ហើយ នៅឡើយតែច្បាប់ផ្លាស់ប្ដូរទីតាំងថ្មី ហើយវាជាសហគ្រាសមិនមែនជារោងចក្រនោះទេ។
សំនួរ ដែលពេញចិត្តមេឌាទទួលប្រភពមកថា សហគ្រាសផលិតបារីខាងលើ មានលួចផលិតបារីខ្លែងបន្លំម៉ាកយីហោលោកពេញ វុត្ថា ឆ្លើយតបថាក្រុមការងារមន្ទីរនិងធ្វើការស្រាវជ្រាវបន្ថែមទៀត ព្រោះសហគ្រាសខាងលើបានស្នើសុំផលិតបារីតែ 2 ម៉ាកនោះទេ តែលោកពេញ វុត្ថា មិនបានបញ្ជាក់ថាបារី2ម៉ាក កំពុងផលិតនោះមានឈ្មោះម៉ាកអ្វីនោះដែរ។
គួរបញ្ជាក់ថា យោងតាមប្រភពដែលទទួលបាន ទីតាំងនេះទើបតែដំណើរការក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះទេ។ ទីនេះគេផលិតបារីម៉ាកសញ្ញាជាបារីចិនសម្រាប់នាំចេញ។ គេខ្សិបថា ទីតាំងនេះទើបតែរើមកពីទន្លេបិទ ហើយបារីដែលផលិតរួចត្រូវនាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែន ខេត្តត្បូងឃ្មុំឆ្លងដែនទៅប្រទេសវៀតណាម។ គេមិនដឹងថាតើទីតាំងផលិតបារីនេះអាចស្របទាញកម្លាំងពលកម្មជាកម្មករខ្មែរប៉ុន្មាននាក់នោះទេ។
នៅខេត្តត្បូងឃ្មុំ ក្រៅពីទីតាំងផលិតបារីដ៏ធំ១កន្លែងខាង លើនេះក៏មានកន្លែងផ្សេងទៀតដូចជា នៅទន្លេបិទ,នៅស្រុកពញាក្រែក..ក៏មានរោងចក្រផលិតបារីបែបនេះដែរ។ ការដែលពួកឈ្មួញថៅកែជនជាតិចិន ចូលចិត្តបោះទីតាំងរោងចក្រផលិតបារីនៅខេត្តត្បូងឃ្មុំ ទំនងជាមានភាពងាយស្រួលកៀកព្រំដែនក្នុងការនាំចេញ៕


