ខណ្ឌនានាក្នុងរាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ,នៅឡើយតែខណ្ឌទួលគោក

ខណ្ឌនានាក្នុងរាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ,នៅឡើយតែខណ្ឌទួលគោក

ភ្នំពេញ៖ បណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃ ក្នុងការរៀប ចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអាណាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកនៅ តែព្រងើយកន្តើយធ្វើមិនដឹង,មិនឮ ក្នុងផលប្រយោជន៍ណាមួយ ដែលបានមកអំពីភាពអនាធិបតេយ្យ នៃការ បាត់បង់ស្ដាប់ធ្នាប់នៅលើដងផ្លូវនេះ។

ប្រសិនបើ មិនបានទទួលលាភសក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌ បញ្ចេញកម្លាំងទៅបោសសំអាតទីតាំងទាំងនោះហើយ។ ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចនៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ធ្នាប់នោះឡើយ បើទោះបីជា អ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ ចំពោះភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចលឺ,មាត់ចាប មាត់ព្រាប ខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអាណាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សឹបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។

ក្រុមអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះ ត្រូវបានបង្អើលកាលពីប៉ុន្មានថ្ងៃមុន ទំនងជាមានការខ្សឹបខ្សៀវពីអាជ្ញាធរដែលនឹងរៀបចំដេញ? ប៉ុន្តែមិនដឹង ជាហេតុអ្វីបានជាឃើញគេរៀបចំការលក់ដូរ ឲ្យមានភាពប្រសើរឡើងវិញ ដូចជាការដាក់តាំងភ្លើង? និងទំនងជារៀបចំបន្ទប់ទឹកឲ្យអតិថិជនដែលទៅស៊ីផឹកនៅកន្លែងអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យនោះទៀតផង។ 

ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕

img 20251202 102004 682 img 20251202 102005 163 img 20251202 102005 195 img 20251202 102005 369 img 20251202 102005 367 img 20251202 102004 852 img 20251202 102004 885 img 20251202 102005 023

Scroll to Top