អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះដេកគុក លោកផ្កាយ១ដាក់មេ ប្រូចបាត់,បើត្រឹមត្រូវម្ដេចក៏រត់បាត់

អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះដេកគុក លោកផ្កាយ១ដាក់មេ ប្រូចបាត់,បើត្រឹមត្រូវម្ដេចក៏រត់បាត់

ខេត្តកណ្តាល ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ មានការបង្ហោះចែកចាយតៗគ្នា ពាក់ព័ន្ធនឹងករណីហិង្សារវាងភាគីម្ខាងដែលអះអាងថា ជាជនរងគ្រោះ និងភាគីម្ខាងជាជនដៃដល់ ។ អ្វីដែលព័ត៌មាននេះ ធ្វើឲ្យមតិមហាជនមានការចាប់អារម្មណ៍នោះ គឺភាគីម្ខាងមានវត្តមានលោកផ្កាយ១នគរបាលជាតិម្នាក់ ចូល រួមក្នុងសកម្មភាពប្រព្រឹត្តអំពើហិង្សាជាមួយជនដៃដល់នោះដែរ តែពេលនេះលោកផ្កាយ១រូបនោះ បានដាក់មេប្រូចបាត់ហើយ ។ ចំណែកជនបង្កចំនួន៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលមិនខុសពាក្យថា «អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះដេកគុក» និងខ្លះត្រូវរត់ចោលផ្ទះ ចោលប្រពន្ធកូន ព្រោះខ្លាចខ្នោះច្រវ៉ាក់ ។

បន្ទាប់ពីមានព័ត៌មានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមនោះមក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបានចេញសេចក្តីបំភ្លឺព័ត៌មានថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធនឹងលោក សុខ ស៊ីថា បានប្រើអំពើហិង្សាដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ហើយរត់គេចខ្លួន ។ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើ ។

ជាលទ្ធផលបានបង្ហាញថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី នៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល និងឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ជាភាគីម្ខាង និងជាក្រុមអ្នករងគ្រោះ ។

ចំណែកភាគីម្ខាងមានចំនួន៥នាក់ តែឃាត់ខ្លួនបាន៤នាក់ ៖

១-ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលពាក់ផ្កាយ១ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល ជាជនដៃដល់ កំពុងគេចខ្លួន ។

២-ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន ។

៣-ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន ។

៤-ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន ។

៥-ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានឃាត់ខ្លួន ។

ចំពោះវត្ថុតាងចាប់យកមានកាំបិតផ្គាក់១បន្សល់ទុកនៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវីធី ។ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា ដែលល្បីថា ជាមន្ត្រីនគរបាលជាតិ ពាក់ផ្កាយ១បានគេចខ្លួន តែសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្វែងរកតាមនីតិវិធីជំនាញ ។

ចំពោះដំណើររឿង ដែលបង្កឱ្យមានវិវាទរហូតផ្ទុះហិង្សាត្រូវបានឱ្យដឹងថា តាមការបញ្ជាក់របស់ជនរងគ្រោះឈ្មោះ ជឹម ស៊ីថា ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ជឹម ធឿន បានបំភ្លឺថា ជនរងគ្រោះបានកាន់កាប់និងអាស្រ័យផលនៅលើដីមួយកន្លែង នៅតាមបណ្តាយព្រែកថោង ស្ថិតក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាង៣០ឆ្នាំមកហើយ ដែលមានព្រំម្ខាងជាប់នឹងដីរបស់ឈ្មោះ ភឺន ផល្លា និងម្ខាងទៀតជាប់តាមបណ្តាយព្រែកថោង ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកខ្លួន (ជឹម ស៊ីថា) ថា ឃើញមានគេមកបោះបង្គោលរបងជាប់នឹងដីគាត់ ។ ភ្លាមនោះ ខ្លួននិងបងឈ្មោះ ជឹម ធឿន បាននាំគ្នាទៅមើល ក៏បានឃើញជនសង្ស័យមួយក្រុមមានគ្នា៤នាក់ នាំគ្នាទាញខ្សែវាស់ចូលក្នុងដីបងខ្លួនឈ្មោះ ជឹម ធឿន មែន ។

ភ្លាមនោះ បងខ្លួនបានចូលទៅឃាត់មិនឲ្យពួកគេធ្វើទេ ដោយប្រាប់បន្ថែមថា ធ្វើតែត្រឹមបង្គោលចាស់ទៅបានហើយ បន្ទាប់មកពួកគេបានឈប់ហើយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ លុះព្រឹកស្អែកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បងខ្លួនឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកប្រាប់ថា មានគេដកបង្គោលព្រំដីចាស់ចោល រួចវាស់បោះបង្គោលចូលក្នុងដីរបស់គាត់ ។ នៅពេលឮភ្លាម ខ្លួនបានជិះម៉ូតូទៅដល់ក៏ឃើញមានគេដកបង្គោលព្រុំដីរបស់បងខ្លួនពិតមែន ។

បន្ទាប់មក ស្រាប់តែជនឈ្មោះ សុខ ស៊ីថា បានស្រែកសួរបងខ្លួនថា បើដីនេះជាដីរបស់

បងមានប្លង់បញ្ជាក់ពីសាលាក្រុងឬអត់ ? បងខ្លួនឈ្មោះ ជឹម ធឿន ក៏បានតបទៅវិញថា ដីតាមបណ្តាយព្រែកនេះខ្លួនគ្មានប្លង់ទេ តែបានកាន់កាប់តាំងពីសង្គមមកម្ល៉េះ ហើយខ្លួនបាននិយាយបន្ថែមថា បើដីបងឯងមានប្លង់ដល់ចំណីព្រែក បងឯងយកដីនេះចុះ ។

ភ្លាមនោះ បានធ្វើឲ្យឈ្មោះ សុខ ស៊ីថា (ផ្កាយ១) ខឹងច្រឡោត និងថែមទាំងបញ្ជាឲ្យកូនចៅដកបង្គោលចាស់ចេញ ។ ឃើញសភាពការណ៍មិនស្រួល ខ្លួនបានទាញទូរស័ព្ទថត ស្រាប់តែជនឈ្មោះ សុខ ស៊ីថា ស្ទុះមកវាយ តែខ្លួនគេចផុតក៏ដួលទៅលើដី ។ បន្ទាប់មកជនឈ្មោះ សុខ ស៊ីថា បានទាញកាំបិតផ្គាក់កាប់ខ្លួន ជឹម ស៊ីថា តែបងខ្លួនចាប់ទាន់ក៏ប្រឹងប្រទាញប្រទងរហូតរបួសចេញឈាមនៅក្រោមសាច់ដុំដៃខាងឆ្វេង ។

ពេលនោះ កូនចៅរបស់ជនសង្ស័យម្នាក់ បានចាប់ខ្លួនផ្តួលទៅលើដីដើម្បីដណ្តឹមយកទូរស័ព្ទ តែយកមិនបាន ហើយខ្លួនបាននាំបងឈ្មោះ ជឹម ធឿន ដឹកតាមម៉ូតូទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រែកលួង និងបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ព្រែកតាកូវ ។ 

ក្រោយពេលទទួលបានបណ្តឹង កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ទៅនាំខ្លួនជនសង្ស័យចំនួន៤នាក់ គឺឈ្មោះ សយ សារឿន ,ញ៉េប ស្រួន,យឹម សំនៀង និងឈ្មោះ វណ្ណី ដារ៉ា យកទៅសាកសួរ ចំណែកជនឈ្មោះ សុខ ស៊ីថា (ផ្កាយ១) រត់ គេចខ្លួនបាត់ ។ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តនីតិវីធី ៕

img 20251124 093906 896 img 20251124 093906 613 img 20251124 093906 937 img 20251124 093906 515 img 20251124 093907 345 img 20251124 093906 801 img 20251124 093907 316 img 20251124 093907 241

Scroll to Top