ខេត្តកណ្តាល៖ ស្ត្រីជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ កាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
ប្រភពបន្តថា ស្ត្រីជាជនសង្ស័យមានឈ្មោះ ទី ឈូករី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅក្នុងទីតាំងកើតហេតុ។ ដោយវត្ថុតាងចាប់យកមាន ទូរសព្ទ័ដៃចំនួន ០១គ្រឿង, ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន០៥សន្លឹកប៊ិកចំនួន ០១ដើម។
ប្រភពបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៏ភ្លាម កម្លាំងព្រហ្មទណ្ឌក្រុងបានចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតខាងលើ ដោយឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួន ទើបកម្លាំងបានចូលទៅឃាត់ខ្លួនអ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួន បញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលជាងមួយខែមកហើយ ដោយក្នុងមួយថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ដែលគិតទឹកគឺក្នុង០១ម៉ឺនរៀល បានទឹក០១ពាន់រៀល ហើយព្រឹកឡើងបានប្រមូលប្រាក់យកទៅឲ្យមេម្នាក់(មិនស្គាល់) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ។
បច្ចុប្បន្នស្ត្រីជាជនជនសង្ស័យកំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ន ជាមួយវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕


