កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ75% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជាការផ្តល់នូវទីកន្លែងសមរម្យសម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាលខេត្តបានឯកភាពនិងអនុញ្ញាតឱ្យក្រុមការងារជាង ធ្វើការសាងសង់អគាររដ្ឋបាលថ្មីនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុកក្នុងរយៈពេល6ខែ ពោលគឺដេីមខែ6 មុនចូលខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និងសោភណភាពនៅខាងក្នុងឱ្យបានឆាប់រួចរាល់ ដេីម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណជិត80% ហើយខណៈគម្រោងអគារថ្មីនៃរដ្ឋបាលសាលាខេត្តនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់3ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និងទីធ្លាក្នុងសាលាខេត្ត ត្រូវបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបម្រើការងារ ជារៀងរាល់ថ្ងៃផងដែរ៕


