ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ម៉ៅ ស៉ីណា ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាសនៅថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២៥វេលាម៉ោង ១៦និង០៥នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ត តាកែវ មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យចំនួន៦នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-0986 មួយគ្រឿងនិងម៉ូតូម៉ាក វីននើ អ៊ុច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LP-3161 ធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FB-6425 របស់ម្ចាស់ឈ្មោះ ឡាយ ផល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ត តាកែវ ពេលដែលម្ចាស់ទុកម៉ូតូនៅចិញ្ចើមផ្លូវ(មិនដកកូនសោរ)ចុះទៅឆ្នូកស្រូវឆ្ងាយពីម៉ូតូ ហើយក្រុមជន សង្ស័យបានជិះគេចខ្លួន។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំង អធិការដ្ឋាន ព័ទ្ធស្នាក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់៖
១.ឈ្មោះ អ៉ឹម វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបួរ ឃុំទ្រា ស្រុកសំរោង, ២.ឈ្មោះ សន ភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង និង៣.ឈ្មោះ ឈួន វិបុល ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោងរួមជាមួយវត្ថុតាងរួមមាន÷ម៉ូតូ២គ្រឿង,ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FB-6425 របស់ជនរងគ្រោះ(ចាប់ពីឈ្មោះ ឈួន វិបុល) ម៉ូតូធ្វើសកម្មភាព ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-0986 (របស់ឈ្មោះអុីម វាសនា) កាំបិតចិតត្នោត០១ដើម និង សម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួន(ចាប់យកពីឈ្មោះ សន ភក្ត្រា) យកមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ។
នគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងបន្តថា លុះព្រឹកឡើងថ្ងៃទី០៤ ខែឆ្នាំដដែល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយ កម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង ធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់ទៀតរួមមាន៖ ១.ឈ្មោះ អ៉ីម សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបូរ ឃុំទ្រា ស្រុកសំរោង, ២.ឈ្មោះ ប៉ុង មករា ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់ នៅភូមិព្រៃទទឹង ឃុំទ្រា ស្រុកសំរោង,៣.ឈ្មោះ សោម វាសនា ហៅង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង រួមទាំងម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ា វីននើអិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LP-3161 (របស់ ឈ្មោះ ប៉ុង មករា ហៅមេឃ) យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ នគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង នគរបាលបានប្រគល់ម៉ូតូអោយទៅម្ចាស់ដើមវិញ។ ក្រោយធ្វើតេស្តស្វែងរកសារធាតុញៀន ជនសង្ស័យទាំង០៦នាក់ លទ្ធផលវិជ្ជមាន ទាំង០៦នាក់៕


