កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មានកត្តា ៤ យ៉ាងដែលនាំឲ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖
*ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។
*ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។
*ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។
*ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍លើកទឹកចិត្ត ឲ្យសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា នៅមហាវិទ្យាល័យបន្ថែមទៀត ជាពិសេសគឺសិស្សនារី ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះសិស្សនារី បើទោះជាប្រលងជាប់និទ្ទេស មួយណាក៏ដោយ ប្រសិនបើបញ្ចប់ត្រឹមនេះ នោះក្មួយៗមិនអាចក្លាយខ្លួនទៅជាវីរៈនារីបានទេ ដូច្នេះក្មួយៗ ត្រូវតែតាំងចិត្តខិតខំតស៊ូសិក្សាបន្ថែមទៀត ដោយមានការគាំទ្រពីអាណាព្យាបាល ។ ចំពោះលទ្ធភាពដែលត្រូវសិក្សាបន្តនោះ សូមក្មួយៗ ត្រូវពិនិត្យឡើងវិញ នូវវិទ្យាស្ថាន TVET ជាច្រើនដែលបានផ្ដល់អាហារូបករណ៍ តាមរូបភាពនៃការបញ្ចុះតម្លៃ ៥០ភាគរយ ឬ ៧០ភាគរយ ឬ ១០០ភាគរយ សម្រាប់ក្មួយៗដែលមាននិទ្ទេសផ្សេងៗ ។ ដូច្នេះសូមក្មួយៗកុំបារម្ភថា គ្មានលុយបង់ថ្លៃសិក្សា ប្រសិនបើក្មួយៗទៅសិក្សាតាមអាហារូបករផ្សេងៗ ហើយនៅសល់ប៉ុន្មាន លោករដ្ឋមន្ត្រី និងជួយទាំងអស់ សម្រាប់សិស្សក្នុងស្រុកកំពង់សៀមនេះ ៕


