សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយដែលបានជួបជាមួយនឹងតំណាងយូណេស្កូ ឯកឧត្ដម Sardar Umar Alam សារជាថ្មី។ សម្តេចតេជោបានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលដែលមកបំពេញបេសកកម្មជាតំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងការការពារបេតិកភណ្ឌជាតិ។

ឯកឧត្ដម Sardar Umar Alam ដែលជាតំណាងយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលា

នៅក្នុងឱកាសនេះ ហើយឯកឧត្តមបាននឹករលឹក និងអរគុណ ជាពិសេសនៅក្នុងពេលដែលកូវីដ១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា ហើយក្នុងនោះអង្គការបុគ្គលិករបស់យូណេស្កូក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តមបានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់។

ឆ្លើយតបលើកឡើងទៅកាន់ឯកឧត្ដម Sardar Umar Alam សម្ដេចតេជោបន្តថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារក៏ដូចជាអង្គការយូណេស្កូដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែលអង្គការយូណេស្កូបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា។សម្ដេចតេជោក៏បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបិយ និងអរូបីដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូក្នុងការជួយជ្រោមជ្រែងនៅក្នុងបញ្ហា ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ដើម្បីធ្វើឱ្យកម្ពុជាអាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរអោយឯកឧត្ដម Sardar Umar Alam ជួបប្រទះតែសេចក្តីសុខនិងជោគជ័យនៅក្នុងភារកិច្ចថ្មីនៅពេលខាងមុខ៕

fb img 1758268622826 fb img 1758268625465 fb img 1758268627679 fb img 1758268630214 fb img 1758268632379 fb img 1758268634520 fb img 1758268641354 fb img 1758268643673 fb img 1758268647024 fb img 1758268650381 fb img 1758268652739 fb img 1758268654996 fb img 1758268658111

Scroll to Top