អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តធ្វើការតាមដាន និងត្រៀមបង្ការ ឆ្លើយតបនឹង គ្រោះមហន្តរាយ ខណៈកម្ពស់ទឹកទន្លេមេគង្គ ឆ្នាំនេះហក់ឡើងខ្ពស់ជាងឆ្នាំមុន

អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តធ្វើការតាមដាន និងត្រៀមបង្ការ ឆ្លើយតបនឹង គ្រោះមហន្តរាយ ខណៈកម្ពស់ទឹកទន្លេមេគង្គ ឆ្នាំនេះហក់ឡើងខ្ពស់ជាងឆ្នាំមុន

កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើការតាមដាន និងត្រៀមបង្ការ ឆ្លើយតបនឹង គ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយកម្ពស់ទឹកទន្លេមេគង្គ ឆ្នាំនេះហក់ ឡើងខ្ពស់ជាងឆ្នាំមុន ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា នាប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គ បានហក់ ឡើងកម្ពស់ ១៣.៤០ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញគឺទឹកឡើង ០.១០ម៉ែត្រ ខណៈកំរិត ប្រកាសប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ ដោយឡែកថ្ងៃដូចគ្នានេះក្នុង ឆ្នាំ២០២៤កន្លងទៅ គឺទឹកមាន កម្ពស់ត្រឹមតែ ១១.៥០ម៉ែត្រប៉ុណ្ណោះ ក្នុងនោះទឹកក៏បានហូរចូលកន្លែងទំនាប និងព្រែកចំនួន ៣៦ លើ ៤១ព្រែក ក្នុងខេត្តកំពង់ចាម បណ្តាលឱ្យប៉ះពាល់ដល់ស្រុក ចំនួន ៥ នៅតាមដងទន្លេមេគង្គ គឺ៖ ស្រុកស្ទឹងត្រង់ កំពង់សៀម កងមាស កោះសូទិន និងស្រុកស្រីសន្ធរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យត្រៀមលក្ខណៈ គ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់ជួយ អន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង ហើយត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យ មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ និងចាស់ជរា ផងដែរ ៕

img 20250909 173944 139 img 20250909 173944 291 img 20250909 173944 120 img 20250909 173944 636 img 20250909 173944 845 img 20250909 173944 609 img 20250909 173944 890

Scroll to Top