អនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន សរុបចំនួន១២នាក់ ក្នុងស្រុកកងមាស ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពក្រលំបាក មានឱកាសពិធីបុណ្យ កាន់បិណ្ឌ- ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។
ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានថ្លែងថា បើទោះបីជាប់រវល់និងការងារស្នូលរបស់អង្គភាពយ៉ាងណាក្ដី ក៏ត្រូវតែឆ្លៀតពេលចុះជួបសាកសួរសុខទុក្ខដល់កងកម្លាំង ដែលកំពុងជួបការលំបាក ព្រោះកន្លងមកពួកយើងទាំងអស់គ្នា បានរួមសាមគ្គីគ្នាបំពេញការងារយ៉ាងសកម្ម ដូច្នេះហើយបច្ចុប្បន្នមិត្តនគរបាលយើងមានការលំបាក គឺមិនត្រូវបណ្ដោយឱ្យមន្ត្រីរូបណា នៅឯការជាដាច់ខាត ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន នូវថវិកា និងគ្រឿង ឧបភោគបរិភោគមួយចំនួន ផងដែរ ៕


