ខេត្តកំពង់ចាម÷ អភិបាលរងខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) នៅសាលាក្រុងកំពង់ចាម។
លោកជំទាវ អភិបាលរងខេត្ត បានឲ្យដឹងថា សិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករមួយបង្ហាញពីការចូលរួម តាមរយៈគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ប្រកបដោយភាពជឿជាក់យ៉ាងខ្លាំង ចំពោះតួនាទី ដ៏មាន សារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ អភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ ប្រសិទ្ធភាព។
លោកជំទាវ ប៉ាង ដានី បន្តថា ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ-សង្កាត់ បានក្លាយទៅជា រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានមុខងារសំខាន់ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
តាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) របស់រដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ សង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុងកំពង់ចាម ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខស ណ្តាប់ធ្នាប់សាធារណៈ សរុបមានចំនួន ៩៣ គម្រោង និងសំណើគម្រោងវិនិយោគសង្កាត់ មានចំនួន ១៨៥ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៦។ ដូច្នេះ ទាមទារឱ្យមានការចូលរួមគាំទ្រពីមន្ទីរ-អង្គភាព,អង្គការមិនមែន រដ្ឋាភិបាល និងវិស័យឯក ជន រួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន៕


