រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ គម្រោងដាំស្មៅយក្សរួមចំណែកទប់ស្កាត់ការកាប់ដើមឈើធម្មជាតិ យកមកធ្វើជាអុសដុត និងជួយលើកកម្ពស់ជីវភាពសហគមន៍

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ គម្រោងដាំស្មៅយក្សរួមចំណែកទប់ស្កាត់ការកាប់ដើមឈើធម្មជាតិ យកមកធ្វើជាអុសដុត និងជួយលើកកម្ពស់ជីវភាពសហគមន៍

ក្រសួងបរិស្ថានមានគម្រោងជំរុញការដាំស្មៅយក្ស (Giant King Grass) ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Adam Henson នាយកផ្នែកអភិរក្សនៃអង្គការ Wild Earth Allies នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានលើកឡើងពីសារៈសំខាន់នៃការដាំស្មៅយក្ស ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាំស្មៅយក្ស នឹងជួយចូលរួមចំណែកកាន់តែប្រសើរក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ និងជួយពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីបង្កើនចំណូល ហើយក៏ជាការរួមចំណែកសំខាន់ដល់ការអភិរក្សព្រៃឈើផងដែរ។ ពេលនេះសហគមន៍ ក៏មិនចាំបាច់ចូលព្រៃរកអុសទៀតទេ។ «សហគមន៍តំបន់ការពារធម្មជាតិ អាច ធ្វើការដាំប្រភេទស្មៅយក្ស នឹងអាចរកចំណូលបន្ថែមសម្រាប់គ្រួសារ កាន់តែប្រសើរថែមទៀត។» ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្ថែម។

សូមបញ្ជាក់ថា គម្រោងសាល្បងការដាំស្មៅយក្ស នឹងធ្វើឡើងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងសសរស្តម្ភទី២ «ភាពបៃតង» ដើម្បី ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបង្កើនគម្របបៃតងនៅកម្ពុជា និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ ដោយធ្វើការពង្រីកចលនាដាំដើមឈើ ពង្រឹងការអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យល្អប្រសើរ។

នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកនាយកផ្នែកអភិរក្សនៃអង្គការ Wild Earth Allies បានសម្តែងនូវការសាទរចំពោះវិធានការ ដ៏ស្វាហាប់ច្បាស់លាស់ របស់ក្រសួងបរិស្ថាន និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនៅកម្ពុជា។ លោក Adam Henson បានបញ្ជាក់ថា អង្គការ Wild Earth Allies បាននិងកំពុងគាំទ្រការងារអភិរក្សនៅក្នុងតំបន់ព្រៃឡង់ និងតំបន់សមុទ្រកម្ពុជារួចមកហើយ។ លោកបានប្តេជ្ញានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព៕fb img 1756559120113 fb img 1756559122279 fb img 1756559132567 fb img 1756559130424 fb img 1756559127203 fb img 1756559118059

Scroll to Top