ខេត្តកំពង់ចាម÷ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន សរុបចំនួន ២៥នាក់ ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពក្រលំបាក ។
ក្នុងឱកាសនេះដែល លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចែកជូនអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបន្ថែមថា បើទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺត្រូវតែខិតខំដោះស្រាយរាល់ការលំបាកជូនបងប្អូនកងកម្លាំង និងនិវត្តន៍ជន ដើម្បីឧបត្ថម្ភគាំទ្រ និងការចុះសួរសុខទុក្ខ ជាបន្ដបន្ទាប់ ដោយមិនទុកឱ្យនៅឯការឡើយ៕


