ក្រចេះ៖ នគរបាលមួយក្រុម ជាកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី ២១ ខែសីហានេះ បានចុះបង្ក្រាបទីតាំងជល់មាន់១ កន្លែង ស្ថិតនៅក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ រួមទាំងម៉ូតូ និងមាន់ជល់ ដាក់ចូលរថយន្ត។
ក្នុងប្រតិបត្តិការចុះចាប់អ្នកជល់មាន់នេះ គេក៏ឃើញមានវត្តមានលោក ឈុន ឡេង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះក្នុងចំណោមមនុស្ស១ក្រុមនោះ។
តាមប្រភពព័ត៌មានបញ្ជាក់ថា ក្នុងករណីចុះទៅបង្ក្រាបនេះ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវបានដោះលែងមនុស្សទាំង ៤នាក់មកវិញ ខណៈមនុស្សម្នាក់ក្នុង ចំណោម ៤នាក់ ដែលរួចខ្លួនមកវិញបញ្ជាក់ថា បានបង់លុយមួយចំនួនដើម្បីរួចខ្លួនមកវិញ។
ពាក់ព័ន្ធករណីនេះលោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ បានប្រាប់ថា លោកមិនបានដឹង និងថា មិនមានការចុះបង្ក្រាបនោះទេ។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ មិនទាន់មានការបញ្ជាក់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយលោកបានចូលមើលក្នុងប្រព័ន្ធទំនាក់ទំនងសង្គម លើករណីខាងលើនេះដែរ។
ប្រភពខ្សឹបថា ទោះយ៉ាងណា ក្រោយមានហេតុការណ៍នេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ ក៏បានកោះ ហៅនគរបាលមួយក្រុមនេះ ទៅសួរនាំរឿងការចុះបង្ក្រាបនេះផងដែរ៕

