ផ្លូវបេតុងមូលនិធិឃុំ នៅស្រុកបាទីត្រូវមហាជនចោទសួរពីគុណភាព និងបទដ្ឋានបច្ចេកទេស

ផ្លូវបេតុងមូលនិធិឃុំ នៅស្រុកបាទីត្រូវមហាជនចោទសួរពីគុណភាព និងបទដ្ឋានបច្ចេកទេស

តាកែវ៖ គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជាង១៧០០ម៉ែត្រនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលអនុវត្តដោយក្រុមហ៊ុន ហែម សុខដា សំណង់អភិវឌ្ឍន៍ កំពុងរងការចោទសួរពីសំណាក់មហាជន ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទាក់ ទងនឹងគុណភាព និងការអនុវត្តមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ផ្លូវបេតុង១ខ្សែនេះ គឺជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ដែលក្រុមហ៊ុនបានដេញថ្លៃក្នុងតម្លៃ ១៩២ លានរៀល សម្រាប់ប្រវែង ៨០០ ម៉ែត្រ។

ក្រោយការចរចា តម្លៃនេះត្រូវបានពង្រីកដល់ប្រវែងសរុប ១៧១៦ ម៉ែត្រ។ យោងតាមការចុះពិនិត្យផ្ទាល់របស់អ្នក កាសែត,ក្រុមហ៊ុនហាក់ដូចជាអនុវត្តការងារខុសពីលក្ខណៈបច្ចេកទេសដែលបានកំណត់។

មហាជន និងអ្នកជំនាញបច្ចេកទេសបានលើកឡើងនូវចំណុចគួរឱ្យសង្ស័យមួយចំនួន រួមមាន៖

*ការត្រាស់សេ ដីមិនគ្រប់ម៉ែត្រ÷គេសង្កេតឃើញមានសកម្មភាពកម្មករយកចបកាប់កាយដីបន្ថែម និងពង្រាយដីមកលើថ្មដែលបានចាក់រួច ដែលខុសពីបទដ្ឋានត្រាស់សេបាតក្រោម។

*ការចងដែកមិនត្រឹមត្រូវ÷ ការចងដែកទុកចុងវែងៗពី ២ ទៅ ៣ តឹក ខុសពីបទដ្ឋានបច្ចេកទេសដែលបានលើកឡើងក្នុងសំណើដេញថ្លៃ។

*មុខតំណរបេតុង: មុខតំណរដែលលើកដាក់ភ្ជាប់គ្នាមានគម្លាតវែងរហូតដល់ ២ ទៅ ៣ តឹក និងមិនមានការចងដែកបន្ថែម ខុសពីការកំណត់ក្នុងសៀវភៅបច្ចេកទេសដែលតម្រូវឱ្យដាក់ដែកគងគ្នាត្រឹម ១ តឹក។

*គម្លាតដែកទទឹង: គម្លាតរវាងដែកផ្នែកទទឹងទៅនឹងក្តារពុម្ពមានចម្ងាយឆ្ងាយរហូតដល់ ១ ទៅ ១,៥ តឹក ដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធផ្លូវ។

អង្គភាពសារព័ត៌មានបានរាយការណ៍ករណីនេះទៅលោក ឆេង ចន្ថា នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តតាកែវ ដោយលោកបានឆ្លើយតបថា លោកនឹងចាត់មន្ត្រីបច្ចេកទេសចុះទៅពិនិត្យ និងកែសម្រួលឡើងវិញ។

ប៉ុន្តែមកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅមិនទាន់ឃើញមានការផ្លាស់ប្តូរណាមួយស្របតាមបច្ចេកទេសនៅឡើយទេ។

ដោយសារកង្វល់នេះ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឱ្យលោក ឆេង ចន្ថា មេត្តាជួយពិនិត្យ មើល និងតាមដានការសាងសង់របស់ក្រុមហ៊ុន ហែម សុដា សំណង់អភិវឌ្ឍន៍ នេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវដែលសាងសង់ឡើងមាន គុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមគោលនយោបាយ «អភិក្រមទាំងប្រាំ» របស់រាជរដ្ឋាភិបាល៕

Scroll to Top