លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក្រុមហ៊ុន Love Riya ៤មុខ រកឃើញថាក្លែងក្លាយ ហើយមានសារធាតុ ហាមឃាត់លើស ពីច្បាប់អនុញ្ញាត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក្រុមហ៊ុន Love Riya ៤មុខ រកឃើញថាក្លែងក្លាយ ហើយមានសារធាតុ ហាមឃាត់លើស ពីច្បាប់អនុញ្ញាត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអះអាងថា ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលក្រុមហ៊ុន Love Riya ធ្វើការផ្សព្វផ្សាយលក់ គឺជាការបោកប្រាស់ក្លែងក្លាយហើយមានសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទទួលបាន។

ការអះអាងរបស់លោកស្នងការនគរបាលខេត្តកណ្តាលខាងលើនេះធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញក្រោយពីមន្រ្តីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេនិងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូចមិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកស្នងការនគរបាលខេត្តកណ្តាល នាថ្ងៃទី២០ខែសីហា ឆ្នាំ២០២៥នេះ បានអះអាងថា ផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍និងធ្វើតេស្តដែលម្ចាស់ក្រុមហ៊ុនខាងលើLiveផ្សាយលក់ គឺជាការបោកប្រាស់ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។ជាមួយគ្នានេះលោកឈឿន សុចិត្ត បានគូសបញ្ជាក់ថា គួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោកខំប្រឹងរកលុយមកទិញផលិតផល របស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ។ឆ្លៀតក្នុងឱកាសនោះលោកឈឿន សុចិត្ត ក៏បានស្នើសុំឱ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម ។

សូមរំលឹកថានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ស្ថិតនៅចំណុចបុរីML ស្ថិតក្នុងភូមិកំពង់ សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីឃាត់ខ្លួនតំណាងអយ្យការអមសាលាដំបូងខេត្កណ្តាល បានសម្រេចចោទប្រកាន់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព។ក្នុងនោះចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

Scroll to Top