Update÷ រឿងលក់ដីត្រពាំងសហគមន៍នៅសង្កាត់ឃ្មួញកំពុងចម្រូងចម្រាស់ ព្រោះអ្នកតូចបានតិច អ្នកធំបានច្រើន, ខណៈប្រជាពលរដ្ឋចង់បានតម្លាភាព

Update÷ រឿងលក់ដីត្រពាំងសហគមន៍នៅសង្កាត់ឃ្មួញកំពុងចម្រូងចម្រាស់ ព្រោះអ្នកតូចបានតិច អ្នកធំបានច្រើន, ខណៈប្រជាពលរដ្ឋចង់បានតម្លាភាព

ភ្នំពេញ÷ប្រជាពលរដ្ឋ៥គ្រួសារមិនព្រម ចំពោះការលក់ត្រពាំងសហគមន៍នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះទេ ក៏ព្រោះតែទំនងជាទទួលបានផលលាបតិចតួចពេក នៅស្របពេលដែលមានសេចក្តីរាយ ការណ៍ថា មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់,ខណ្ឌទទួលបានផលប្រយោជន៍ច្រើន។ ក្រៅពីនោះប្រជាពលរដ្ឋទាំងអស់ក៏ចង់ឃើញតម្លាភាពនៃការលក់ដីត្រពាំងសហគមន៍នោះដែរ។

ប្រជាពលរដ្ឋស្ទើរតែទាំងអស់បានចោទសួរទៅលោកប្រធានភូមិបន្លាស្អិតថា តើលក់ត្រពាំងសហគមន៍នោះបានលុយប៉ុន្មាន?ចែកឱ្យប្រជាពលរដ្ឋអស់ប៉ុន្មាន? យកទៅអភិវឌ្ឍន៍អ្វីខ្លះនៅក្នុងមូលដ្ឋាន?…និយាយរួមទៅគឺត្រូវបង្ហាញតម្លាភាពនៅលើតុ ឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានដឹង។ ព្រោះមកដល់ពេលនេះប្រជាពលរដ្ឋមិនដឹងថាតើលុយបានពីការលក់ត្រពាំងសហគមន៍នោះលោកមេភូមិយកទៅធ្វើអ្វីខ្លះហើយទេ។

ជាមួយគ្នានេះដែរ ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៥ គ្រួសារ កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥បានឲ្យដឹងថា ពួកយើងខ្ញុំនិងម្តាយឪពុកធ្លាប់អាស្រ័យផលដីត្រពាំងទឹករួម របស់សហគមន៍១កន្លែងទំហំប្រមាណជាង ២,០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកយើងធ្លាប់អាស្រ័យផលដោយបូម ទឹកប្រើប្រាស់ប្រចាំថ្ងៃស្រោច ស្រពដំណាំ,បូមត្រីចែកគ្នាហូប និងចុងក្រោយគឺស្តុកទឹក ក្រោយពេលភ្លៀងកុំឱ្យលិចលង់ភូមិដ្ឋានផ្ទះសម្បែង ព្រោះតំបន់នេះនៅមិន ទាន់មានលូបង្ហូរទឹកនៅឡើយ។

ទើបនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ពួកយើងខ្ញុំដែលកំពុងរស់នៅជុំវិញត្រពាំងរួម នេះ បានឃើញឡានដឹកដីនិងខ្សាច់ជាច្រើនគ្រឿង ថែមទាំងមានគ្រឿងចក្ររុញលុបត្រពាំងនេះ យកធ្វើជាកម្មសិទ្ធិឯកជន មិនដឹងថា អ្នកណាជាអ្នកលក់,ទិញ ហើយអាជ្ញាធរណាខ្លះបានឃុបឃិត ចូលរួមចុះហត្ថលេខាដឹងឮ ទើបពួកខ្ញុំប្តឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ ក៏លេចឮដំណឹងថា មានការលក់ទិញដីនេះ ថែមទាំងមានប្លង់រឹងទៀត ផង ទើបអ្នកទិញហ៊ានចាក់ដី។

អ្នកភូមិមួយចំនួនខ្សឹបថា នេះគឺជាបញ្ហាផលប្រយោជន៍ដែលអាជ្ញាធរលេបយកជំនួសប្រជាពលរដ្ឋពិតប្រាកដទើបបានកើតជាបញ្ហានេះ។ ប្រភពបានឲ្យដឹងថា ចាប់ពីថ្នាក់ប្រធានភូមិ,ចៅសង្កាត់,ចៅសង្កាត់រង ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំខណ្ឌ…សុទ្ធតែទទួលបានផលប្រយោជន៍លើសលប់ ស្របពេលដែលប្រជាពលរដ្ឋដែលជាម្ចាស់នៃសហគមន៍ ទទួលបានផលប្រយោជន៍តិចតួចបំផុត។ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ដែលមិនទទួលបានផលប្រយោជន៍មានប្រតិកម្ម។

ឆ្លើយតបនឹងបញ្ហានេះមេភូមិបន្លាស្អិតបានឲ្យដឹងថា ជាការពិតត្រពាំងសហគមន៍នោះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាឡើយ។ ប៉ុន្តែប្រជាពលរដ្ឋនៅជុំវិញត្រពាំងសហគមន៍ បានព្រមព្រៀងគ្នាលក់ដើម្បីយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍មូលដ្ឋាន។ បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបានទទួលចំណែកទៅតាមទិដ្ឋភាពជាក់ស្ដែងដោយគ្រួសារខ្លះទទួលបាន២០០ដុល្លារ,៣០០,៥០០០,៨០០.. រហូត ដល់គ្រួសារខ្លះបាន១ពាន់ដុល្លារ។

លោកមេភូមិចាត់ទុកប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងថ្មីៗនេះថាជាអ្នកចំណូលថ្មី។ យ៉ាងណាក៏ដោយអាជ្ញាធរព្យាយាមសម្របសម្រួលដើម្បីបញ្ចប់បញ្ហា។ ជាមួយនេះលោកមេភូមិហាក់ដូចជាព្យាយាមលាក់អត្តសញ្ញាណភាគីដែលទិញដីនោះផងដែរ។

ចៅសង្កាត់ឃ្មួញឆ្លើយហាក់ដូចជាតតិតតុប ផ្ទុយពីអ្វីដែលប្រធានភូមិបានលើកឡើង។ លោកចៅសង្កាត់និយាយថា បើគ្មានការព្រមព្រៀងពីប្រជាពលរដ្ឋ,គ្មានអ្នកណាលក់ទេ។

ប្រជាពលរដ្ឋនៅសហគមន៍បន្លាស្អិតនិយាយថា ផល ប្រយោជន៍ដែលបានពីការលក់ត្រពាំងសហគមន៍នេះគឺទៅធ្លាក់ដល់មន្ត្រីអាជ្ញាធរសង្កាត់,ខណ្ឌច្រើនជាងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលជាអ្នកនៅផ្ទាល់និងកន្លែងទៅវិញ។ ហេតុដូច្នេះហើយបានជានាំឲ្យមានប្រតិកម្ម។ ប្រជាពលរដ្ឋចង់ឃើញតម្លាភាពនៃការប្រើប្រាស់លុយនេះ។

ករណីនេះគួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីសមត្ថកិច្ចស្ថាប័នជំនាញដូចជាក្រសួងដែនដីនគរូបនី យកម្មនិងសំណង់ជាពិសេសអង្គភាពប្រឆាំងអំពើពុក រលួយជាដើម…ដើម្បីឲ្យប្រាកដថា តើលុយដែលលក់ត្រពាំងនេះបានប៉ុន្មានយកទៅធ្វើអ្វីខ្លះ?៕

Scroll to Top