អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំរៀបចំ «បុណ្យកឋិនទានមហាសាមគ្គី» ដង្ហែទៅវត្តសុទស្សនារាម ជ្រោយថ្ម ដើម្បីប្រមូលបច្ច័យសាងសង់ព្រះវិហារថ្លៃជាង ១លានដុល្លារ

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំរៀបចំ «បុណ្យកឋិនទានមហាសាមគ្គី» ដង្ហែទៅវត្តសុទស្សនារាម ជ្រោយថ្ម ដើម្បីប្រមូលបច្ច័យសាងសង់ព្រះវិហារថ្លៃជាង ១លានដុល្លារ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយព្រះគ្រូអនុគណក្រុងកំពង់ចាម និងព្រះគ្រូចៅអធិការវត្តសុទស្សនារាម ជ្រោយថ្ម នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ដើម្បីរៀបចំផែនការ និងត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ ធានាឱ្យដំណើរការ «ពិធីបុណ្យកឋិនទានមហាសាមគ្គី» ប្រព្រឹត្តទៅដោយរលូន គគ្រឹកគគ្រេង និងអធិកអធមបំផុត។

យោងតាមកម្មវិធីដែលបានគ្រោងទុក ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ពិធីបុណ្យដ៏ថ្លៃថ្លានេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ។

គួរបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គីទាំងមូល នឹងត្រូវយកទៅប្រើប្រាស់ផ្ទាល់ក្នុងការបន្តកសាង «ព្រះវិហារថ្មី» ដ៏ស្កឹមស្កៃ ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២៣ម៉ែត្រ (២ជាន់) ដោយត្រូវចំណាយថវិកាប៉ាន់ស្មានសរុបប្រមាណ ១.១៦៨.៩២៥ ដុល្លារអាមេរិក (គិតជាមធ្យម ៣៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ)។

ព្រឹត្តិការណ៍បុណ្យទានដ៏ធំមួយនេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនាតែមួយមុខនោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញយ៉ាងច្បាស់ពី «ស្មារតីសាមគ្គីភាព» និងទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក្នុងការរួមដៃគ្នារក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរីកចម្រើនត្រដែតត្រដឹម ស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Scroll to Top