ខេត្តតាកែវ៖ ប្រជាពលរដ្ឋ និងសមាជិកសហគមន៍បូមទឹកស្រោចស្រពស្រែស្រូវចំនួនពីរទីតាំង ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងដាក់ការសង្ស័យយ៉ាងខ្លាំង និងបានស្នើទទូចយ៉ាងខ្លាំងក្លាដល់ លោក គឹន ភក្តី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និង លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស មេត្តាចាត់វិធានការបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និង ចេញសេចក្តីបំភ្លឺជាផ្លូវការ ជូនប្រជាពលរដ្ឋជុំវិញករណីចោរលួចខួរក្បាលបញ្ជាម៉ូទ័របូមទឹក ដែលកើតឡើងយ៉ាងចំលែកក្នុងពេលស្រដៀងគ្នា។
ជុំវិញករណីនេះ ពលរដ្ឋបានលើកឡើងពីភាពមិនប្រក្រតី និងស្នើឱ្យមានការស្រាវជ្រាវជាបន្ទាន់ទៅលើសហគមន៍ទឹកចំនួនពីរ រួមមាន៖
១. សហគមន៍ទឹកឃុំស្នោ
២. សហគមន៍ទឹកឃុំបានកាម
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សហគមន៍បូមទឹកទាំងពីរខាងលើ ត្រូវបានជនសង្ស័យលួចគាស់ផ្ទាំងបញ្ជា ឬខួរក្បាលបញ្ជាម៉ូទ័របូមទឹកក្នុងថ្ងៃតែមួយ និងបាត់បង់ក្នុងទម្រង់ប្រហាក់ប្រហែលគ្នា ដែលធ្វើឱ្យពួកគាត់មានភាពងឿងឆ្ងល់ និងដាក់ការសង្ស័យថា តើប្រធានសហគមន៍ទាំងពីររូបនេះ មានការពាក់ព័ន្ធ ឬដឹងលឺរឿងនេះដែរឬទេ? ហេតុអ្វីបានជាការបាត់បង់កើតឡើងយ៉ាងចំឡែកបែបនេះ?
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ និងបង្កការមិនពេញចិត្តដល់ប្រជាពលរដ្ឋខ្លាំងឡើងថែមទៀតនោះ គឺករណីនៅ សហគមន៍ទឹកឃុំបានកាម ដែលប្រធានសហគមន៍ឈ្មោះ ភឿក រុន ត្រូវបានគេដឹងថា បានចេញមុខទទួលស្គាល់កំហុស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបន្តប្រមូលប្រាក់សន្សំពីប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីយកមកទិញសម្ភារៈ ឬខួរក្បាលម៉ូទ័រជំនួសមកវិញដដែល។ ទង្វើនេះ បានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ និងសង្ស័យថា តើនេះជាល្បែងទម្លាក់កំហុស ឬជាល្បែងបិទបាំងអំពើខុសឆ្គង ឬភាពមិនប្រក្រតីណាមួយ ដើម្បីស្ពិនភ្នែកប្រជាពលរដ្ឋដែរឬទេ?
ប្រជាពលរដ្ឋ និងកសិកររងគ្រោះ បាននិងកំពុងដាក់ការសង្ស័យ និងទាមទារចម្លើយឆ្លើយតបថា៖
តើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងនៃការបាត់បង់នេះ?
ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានក្នុងស្រុកព្រៃកប្បាស ហាក់មានភាពស្ងៀមស្ងាត់ មិនទាន់ចេញសេចក្តីបំភ្លឺ ឬបើកការស៊ើបអង្កេតជាផ្លូវការដើម្បីស្វែងរកមុខជនខិលខូច និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមផ្លូវច្បាប់?
ពាក់ព័ន្ធនឹងការលើកឡើង និងភាពរអ៊ូរទាំរបស់ប្រជាពលរដ្ឋខាងលើនេះ មហាជន និងកសិកររងគ្រោះរំពឹងយ៉ាងមុតមាំថា លោក គឹន ភក្តី អភិបាលស្រុកព្រៃកប្បាស និង លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស នឹងចេញសេចក្តីបំភ្លឺជាផ្លូវការមួយ ដើម្បីស្រាយបំភ្លឺរាល់មន្ទិលសង្ស័យ និងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវស៊ើបអង្កេតដោយតម្លាភាព ព្រមទាំងផ្តល់យុត្តិធម៌ និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងពឹងផ្អែកលើទឹកសម្រាប់បង្កបង្កើនផលស្រែស្រូវ៕


