អភិបាលស្រុកទ្រាំង៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងទាក់ទាញវិនិយោគិន និងបង្កើតការងារកាន់តែច្រើននៅខេត្តតាកែវ

អភិបាលស្រុកទ្រាំង៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងទាក់ទាញវិនិយោគិន និងបង្កើតការងារកាន់តែច្រើននៅខេត្តតាកែវ

ខេត្តតាកែវ៖ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគលើវិស័យរោងចក្រ និងសហគ្រាសជាច្រើនឱ្យមកស្វែងរកឱកាសវិនិយោគនៅខេត្តតាកែវ ជាពិសេសស្រុកទ្រាំង ដែលនឹងរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធី «ក្តីសុបិនហ្វូណន» ដែលជាវេទិកាបាឋកថាអន្តរជាតិ ស្តីពីចំណេះដឹង និងអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ រៀបចំដោយរដ្ឋបាលស្រុកទ្រាំង សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) នៅវិទ្យាល័យសុខអាន ថ្នល់បំបែក ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០០នាក់។

លោក អ៊ុំ ចំរើន បានបញ្ជាក់ថា ក្រៅពីបង្កើតឱកាសការងារ គម្រោងនេះក៏នឹងជួយជំរុញសកម្មភាពអាជីវកម្ម និងសេវាកម្មក្នុងមូលដ្ឋាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់វិស័យដឹកជញ្ជូន ការនាំចេញកសិផល និងការទាក់ទាញវិនិយោគិនមកបង្កើតរោងចក្រសហគ្រាសនៅតាមតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវទឹកផងដែរ។

ក្នុងឱកាសនោះ លោក ចាង ឈី តំណាងក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញពីសារៈសំខាន់នៃគម្រោងនេះ ដោយបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនឹងក្លាយជាផ្លូវទឹកដ៏សំខាន់តភ្ជាប់ពីទន្លេទៅកាន់សមុទ្រកម្ពុជា ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម និងជំរុញវិស័យកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងទេសចរណ៍។

ជាមួយគ្នានេះ លោកបានអះអាងថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់លើសុវត្ថិភាព សណ្តាប់ធ្នាប់ និងការការពារបរិស្ថាន ព្រមទាំងខិតខំកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានតិចបំផុត។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានតម្រាយផ្លូវទឹកឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប ដោយមានទុនវិនិយោគប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨៕

Scroll to Top