ពលរដ្ឋ២ភូមិ ក្នុងឃុំគោកត្រប់ ទទូចសុំអាជ្ញាធរស្រុកកណ្តាលស្ទឹង និងមន្ទីរជំនាញ ចាត់វិធានការលើរថយន្តយីឌុបដឹកដី-ខ្សាច់ បង្កផលប៉ះពាល់ដល់ផ្លូវសាធារណៈ និងសុខភាព

ពលរដ្ឋ២ភូមិ ក្នុងឃុំគោកត្រប់ ទទូចសុំអាជ្ញាធរស្រុកកណ្តាលស្ទឹង និងមន្ទីរជំនាញ ចាត់វិធានការលើរថយន្តយីឌុបដឹកដី-ខ្សាច់ បង្កផលប៉ះពាល់ដល់ផ្លូវសាធារណៈ និងសុខភាព

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុង និងផ្លូវដី ស្ថិតក្នុងភូមិលៀក និងភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានរអ៊ូរទាំអំពីផលប៉ះពាល់ដែលកើតចេញពីសកម្មភាពចរាចរណ៍របស់រថយន្តដឹកដី និងដឹកខ្សាច់ខ្នាតធំ (យីឌុប) ព្រមទាំងបានទទូចសុំឱ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ជាបន្ទាន់។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ចរាចរណ៍នៃរថយន្តដឹកដី និងខ្សាច់រាប់រយគ្រឿងក្នុងមួយថ្ងៃៗ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រួមមាន៖

*. ផលប៉ះពាល់បរិស្ថាន និងសុខភាព នៅរដូវប្រាំង ការបើកបររបស់រថយន្តដឹកដីបានបង្កឱ្យមានធូលីហុយទ្រលោម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដកដង្ហើម និងប្រឈមនឹងជំងឺផ្លូវដង្ហើមផ្សេងៗ។ ដោយឡែកនៅរដូវវស្សា ដីដែលជ្រុះលើផ្លូវបានក្លាយជាភក់ជ្រាំ ជង្ហុកធំៗ បង្កជាឧបសគ្គ និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

*. ការចរាចរណ៍របស់រថយន្តធុនធ្ងន់ទាំងនោះ បានធ្វើឱ្យផ្លូវដី និងផ្លូវបេតុងក្នុងភូមិ រងការស្រុត បាក់បែក និងខូចខាតជាបន្តបន្ទាប់ ជាពិសេសកំណាត់ផ្លូវបេតុងថ្មីដែលស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទក្លាចប្រើប្រាស់មិនយូរអង្វែង។ បន្ថែមពីនេះ ការជ្រុះរាយប៉ាយនៃដី និងខ្សាច់លើដងផ្លូវ បានបង្កជាហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ចំពោះអ្នកធ្វើដំណើរទូទៅ និងសិស្សានុសិស្សដែលធ្វើដំណើរទៅសិក្សា។

ប្រជាពលរដ្ឋបានបន្ថែមថា បញ្ហានេះបានអូសបន្លាយពេលយូរមកហើយ ប៉ុន្តែការពិនិត្យ និងការអនុវត្តច្បាប់នៅមានកម្រិត ដែលធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ពួកគាត់យល់ឃើញថា ការអភិវឌ្ឍ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គួរតែប្រព្រឹត្តទៅដោយទន្ទឹមគ្នានឹងការការពារផលប្រយោជន៍សាធារណៈ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានសម្តែងការស្វែងរកការបកស្រាយពី លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកកណ្ដាលស្ទឹង តាមរយៈប្រព័ន្ធផ្ញើសារ Telegram ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

បណ្ដាញសារព័ត៌មានពេញចិត្តមេឌាយើងខ្ញុំ រង់ចាំទទួលការបកស្រាយ និងបំភ្លឺគ្រប់ពេលវេលា ពីសំណាក់អាជ្ញាធរស្រុកកណ្តាលស្ទឹង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងក្រុមហ៊ុនដឹកជញ្ជូនពាក់ព័ន្ធ ដើម្បីធានានូវតម្លាភាព តុល្យភាពព័ត៌មាន និងរួមចំណែកស្វែងរកដំណោះស្រាយសមស្របសម្រាប់សហគមន៍។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតែបន្តសំណូមពរយ៉ាងទទូចដល់ក្រុមការងារត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងអាជ្ញាធរមានសមត្ថកិច្ច មេត្តាចុះអន្តរាគមន៍ត្រួតពិនិត្យ លើករណីដឹកជញ្ជូនលើសទម្ងន់ និងជួយសម្រួលជួសជុលកំណាត់ផ្លូវដែលរងការខូចខាតឡើងវិញ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

 

Scroll to Top