រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះប្រតិបត្តិការភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងព្រោងព្រាត តាមបណ្តាញសង្គមអំពីអត្ថិភាពនៃទីតាំងល្បែងស៊ីសងខាងលើ។ ខណៈពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ពុំឃើញមានវត្តមានបុគ្គលិក ឬភ្ញៀវចូលលេងនោះទេ ប៉ុន្តែបានរកឃើញវត្ថុតាងរួមមាន ទូបាញ់ហ្គេម និងតុសម្រាប់លេងល្បែងស៊ីសងខុសច្បាប់មួយចំនួន។ ក្រោយបញ្ចប់ការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសម្រេចបិទឃ្លុំបេទីតាំងនោះជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
យ៉ាងណាមិញ ប្រតិបត្តិការនេះបានចោទជាសំណួរ និងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់ប្រជាពលរដ្ឋ ចោទសួរទៅលើការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលហាក់បីដូចជាមានការបណ្តែតបណ្តោយ ឬធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់ក្នុងការក្តាប់ស្ថានការណ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទុកឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់អាចបើកដំណើរការយ៉ាងរលូន រហូតទាល់តែមានសារព័ត៌មាន និងបណ្តាញសង្គមចុះផ្សាយ ព្រមទាំងមានបទបញ្ជាម៉ឺងម៉ាត់ពីថ្នាក់លើ ទើបឃើញដឹកនាំកម្លាំងចុះអន្តរាគមន៍បែបនេះ?
មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការសោកស្តាយ និងទាមទារឱ្យលោកអភិបាលខណ្ឌ លោកអធិការខណ្ឌ បង្កើនការទទួលខុសត្រូវ មិនត្រឹមតែចុះបិទទីតាំងយកតែរួចខ្លួន ឬធ្វើរាយការណ៍បញ្ចប់កិច្ចការនោះទេ គឺត្រូវតែស្រាវជ្រាវស្វែងរកមុខសញ្ញាជា «ម្ចាស់ទីតាំង» ឬអ្នកនៅពីក្រោយខ្នងនៃការបើកល្បែងស៊ីសងនេះ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ដើម្បីកុំឱ្យកើតមានបាតុភាព “បិទទីតាំងនេះ រួចទៅបើកទីតាំងថ្មី” ទៀត និងដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពពិតប្រាកដ៕



