មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកា១៧លានរៀល ជូនគ្រួសារសពមេបញ្ជាការមូលដ្ឋានស្រុកទ្រាំង

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកា១៧លានរៀល ជូនគ្រួសារសពមេបញ្ជាការមូលដ្ឋានស្រុកទ្រាំង

តាកែវ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងកងកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ដាំ ពុដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៥៦ឆ្នាំ។

ក្នុងពិធីនេះ មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន និងអនុប្រធានមន្ទីរទាំង៧ នាយ និងនាយរងការិយាល័យ មេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការ និងគោលដៅ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីសម្តែងនូវសមានទុក្ខ និងគោរពវិញ្ញាណក្ខន្ធចំពោះសព។

លោកវរសេនីយ៍ត្រី ដាំ ពុដ្ឋា បានទទួលមរណភាពនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បាននាំយកថវិកាចូលរួមបុណ្យសព ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារសព រួមមាន៖

 ● ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល។

● ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល។

● មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ ឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០រៀល។

សរុបថវិកាដែលបានចូលរួមបុណ្យសពមានចំនួន ១៧.០០០.០០០រៀល (ដប់ប្រាំពីរលានរៀល)។

ការចូលរួមគោរពវិញ្ញាណក្ខន្ធ និងការឧបត្ថម្ភថវិកានេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកទុក្ខលំបាករវាងថ្នាក់ដឹកនាំ និងកងកម្លាំងកងរាជអាវុធហត្ថ ក្នុងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោកវរសេនីយ៍ត្រី ដាំ ពុដ្ឋា ក្នុងគ្រាដ៏សោកសៅនេះ៕

Scroll to Top