ព្រឹត្តិការណ៍ប្រណាំងទូកខេត្តកំពង់ចាម បើកឆាកប្រកួតជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីរដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលីកាលពីម្សិលមិញ

ព្រឹត្តិការណ៍ប្រណាំងទូកខេត្តកំពង់ចាម បើកឆាកប្រកួតជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីរដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពាលីកាលពីម្សិលមិញ

កំពង់ចាម៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ ព្រឹត្តិការណ៍ប្រណាំងទូកដ៏អធិកអធមនៅក្នុងក្រុងកំពង់ចាម បានចាប់ផ្តើមដំណើរការប្រកួតជាផ្លូវការហើយ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ កាលពីរស្រៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៥ ខែតុលា) នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាព ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ពិធីក្រុងពាលីកាលពីម្សិលមិញ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ការប្រារព្ធពិធីនេះ គឺធ្វើឡើងដើម្បីបួងសួងសុំសេចក្តីសុខ ភាពរលូន និងជោគជ័យក្នុងដំណើរការរៀបចំពិធីបុណ្យ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករអុំទូក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់។

សម្រាប់ការប្រកួតនៅថ្ងៃនេះ (ទី២៦ តុលា) មានទូកចូលរួមសរុបចំនួន ១០០ ទូក រួមមាន៖ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) ទូកខ្នាតអន្តរជាតិ៖ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។

បន្ថែមពីលើការប្រណាំងទូក ក្នុងព្រឹត្តិការណ៍នេះក៏មានការបណ្តែតប្រទីប និងការអុចកាំជ្រួចយ៉ាងស្រស់ស្អាត តាមបណ្តោយដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់មហាជន និងភ្ញៀវទេសចរផងដែរ៕

Scroll to Top