ឯកឧត្តម ហាក់ សុខមករា ចុះដឹកនាំបញ្ជាផ្ទាល់ បើកយុទ្ធនាការក្តៅគគុកបង្ក្រាបបទល្មើសជលផល បំផ្លាញស្បៃមុងខុសច្បាប់ជាង ២០គីឡូម៉ែត្រ និងរំដោះត្រីជិត ៧០០គីឡូក្រាម

ឯកឧត្តម ហាក់ សុខមករា ចុះដឹកនាំបញ្ជាផ្ទាល់ បើកយុទ្ធនាការក្តៅគគុកបង្ក្រាបបទល្មើសជលផល បំផ្លាញស្បៃមុងខុសច្បាប់ជាង ២០គីឡូម៉ែត្រ និងរំដោះត្រីជិត ៧០០គីឡូក្រាម

ខេត្តកណ្តាល៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំដ៏សកម្មលើការងារការពារធនធានធម្មជាតិ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់នៅតាមខ្សែទឹក និងតំបន់អតីតឡូតិ៍នេសាទដ៏ស្មុគស្មាញ ដើម្បីបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ និងស្រុកលើកដែក នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។

ប្រតិបត្តិការដ៏ស្រួចស្រាវដែលស្តែងឱ្យឃើញពីឆន្ទៈមុតស្រួចរបស់ ឯកឧត្តម ហាក់ សុខមករា ត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដោយមានការសហការយ៉ាងស្និទ្ធស្នាល និងស្ពាយបេសកកម្មរួមគ្នាជាមួយកងរាជអាវុធហត្ថ នគរបាលជាតិ មន្ត្រីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន។

ក្រោមការចាត់ចែង និងសម្របសម្រួលយ៉ាងស្វាហាប់ពីសំណាក់ ឯកឧត្តម ហាក់ សុខមករា នៅតាមគោលដៅនីមួយៗ កម្លាំងចម្រុះសម្រេចបាននូវលទ្ធផលយ៉ាងធំធេងក្នុងការបោសសម្អាតឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ ប្រមូលបានស្បៃមុងមាត់លូចំនួន ១៥៦មាត់ របាំងស្បៃមុងប្រវែងរហូតដល់ ២០,៨០០ម៉ែត្រ (ជាង ២០គីឡូម៉ែត្រ) និងដកបង្គោលបានចំនួន ៧,១៨៣ដើម។ វត្ថុតាងខុសច្បាប់ទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងក្រោមការត្រួតពិនិត្យផ្ទាល់ ដើម្បីធានាថាមិនមានការលួចប្រមូលយកមកប្រើប្រាស់ឡើងវិញឡើយ។ 

រំដោះ និងលែងត្រីចម្រុះចំនួន ៦៧០គីឡូក្រាម ឱ្យមានសេរីភាពចូលទៅក្នុងប្រភពទឹកធម្មជាតិវិញភ្លាមៗ។ 

តាមរយៈការអប់រំ និងផ្សព្វផ្សាយផ្ទាល់របស់ក្រុមការងារដឹកនាំដោយឯកឧត្តម បានធ្វើឱ្យប្រជានេសាទចំនួន ១២គ្រួសារ នៅស្រុកលើកដែក ភ្ញាក់រលឹក និងស្ម័គ្រចិត្តរុះរើឧបករណ៍នេសាទខុសច្បាប់ដោយខ្លួនឯង ព្រមទាំងចូលរួមលែងត្រី ២៧០គីឡូក្រាម ចូលក្នុងទឹកវិញផងដែរ។ 

នៅក្នុងឱកាសចុះបេសកកម្មដ៏មានអត្ថន័យនេះ ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា៖ បេសកកម្មរបស់យើងមិនមែនធ្វើឡើងតែមួយគ្រា ឬធ្វើបែប «ជិះសេះមើលផ្កា» នោះឡើយ។ ក្នុងនាមអាជ្ញាធរខេត្ត យើងនឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនេះជាប្រចាំដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះ ខ្ញុំបានបញ្ជាឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញា និងអត្តសញ្ញាណជនល្មើស ព្រមទាំងមេខ្លោងដែលនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង ឬយោគយល់ណាមួយឡើយ»។

បន្ថែមលើវិធានការផ្លូវច្បាប់ ឯកឧត្តម អភិបាលរងខេត្ត ក៏បានបង្ហាញនូវបេះដូងស្រឡាញ់អាណិតស្រឡាញ់ប្រជាពលរដ្ឋ ដោយបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យបោះបង់ចោលនូវមុខរបរនេសាទខុសច្បាប់ដែលបំផ្លាញឆ្នាំងបាយរួម ហើយងាកមកចូលរួមជាមួយអាជ្ញាធរក្នុងការថែរក្សា ការពារពូជត្រី និងធនធានមច្ឆជាតិ ឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

សកម្មភាពចុះផ្ទាល់ និងការប្តេជ្ញាចិត្តខ្ពស់របស់ ឯកឧត្តម ហាក់ សុខមករា ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កោតសរសើរ និងចាត់ទុកថាជាគំរូដ៏ល្អស្តែងចេញពីសកម្មភាពពិត ក្នុងការការពារសម្បត្តិធម្មជាតិនៃខេត្តកណ្តាលឱ្យមាននិរន្តរភាព៕

Scroll to Top